គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានពិភាក្សា អំពីការផ្គត់ផ្គង់អាវុធធុនធ្ងន់ដល់អ៊ុយក្រែន ជាមួយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Annalena Baerbock ។
“យើងត្រូវការអាវុធធុនធ្ងន់បន្ថែមទៀត ដែលត្រូវបានចែកចាយឱ្យបានកាន់តែឆាប់ តាមដែលអាចធ្វើបាន ជាពិសេស MLRS (ប្រព័ន្ធរ៉ុក្កែតបាញ់ច្រើន) ដើម្បីទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី” លោក Kuleba បានសរសេរ នៅលើបណ្តាញសង្គម Twitter បន្ទាប់ពីកិច្ចពិភាក្សា។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានលើកឡើងទៀតថា លោកបានពន្យល់ប្រាប់ដល់លោក Baerbock អំពីស្ថានភាពលំបាកនៅក្នុងតំបន់ Donbass ។
លោក Kuleba បានថ្លែងថា ប្រធានបទផ្សេងទៀត នៃកិច្ចពិភាក្សារួម មានការដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ី និងអ៊ុយក្រែនក្នុងការសម្រេចបាន នូវឋានៈជាបេក្ខជនសហភាពអឺរ៉ុប (EU) ។
គួររំលឹកថា កាលពីដើមខែនេះ លោក Baerbock បានលើកឡើងថា រដ្ឋាភិបាលអាល្លឺម៉ង់ កំពុងធ្វើការជាមួយសហគ្រាសអាល្លឺម៉ង់ ដើម្បីផ្តល់អាវុធទំនើបដល់អ៊ុយក្រែន៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា