បរទេស៖ រដ្ឋមន្ត្រីការពារជាតិតួកគី លោក Hulusi Akar បានមានប្រសាសន៍នៅថ្ងៃពុធនេះថា ប្រទេសតួកគីនិងប្រទេសរុស្ស៊ី កំពុងតែពិភាក្សាគ្នាបង្កើត តំបន់សន្តិសុខមួយកន្លែង នៅក្នុងតំបន់ Idlib នៅក្នុងប្រទេសស៊ីរីភាគនិរតី ជាទីដែលពលរដ្ឋស៊ីរីដែលរត់ភៀសខ្លួនដោយសារសង្គ្រាម អាចយកជាកន្លែងស្នាក់អាស្រ័យ នៅក្នុងរដូវរងារ។
លោក Hulusi Akar បាននិយាយប្រាប់ថា ការវាយប្រហារដោយកងកម្លាំងរដ្ឋាភិបាលស៊ីរី នៅតែកំពុងបន្តក្នុងតំបន់ Idlib នោះ បើទោះជាមានកិច្ចព្រមព្រៀងបទឈប់បាញ់គ្នានាថ្ងៃទី១២ ខែមករា ធ្វើឡើងដោយប្រទេសតួកគីនិងរុស្ស៊ី ដែលគាំទ្រភាគីផ្សេងគ្នានៅក្នុងជម្លោះ៩ឆ្នាំរបស់ប្រទេសស៊ីរី ហើយក៏ដោយ។
គួរបញ្ជាក់ថា ប្រទេសតួកគី ដែលគាំទ្រក្រុមឧទ្ទាមស៊ីរី ប្រយុទ្ធនឹងលោកប្រធានាធិបតី បាហ្សា អាល់អាសាដ និងបានទទួលយកជនភៀសខ្លួនស៊ីរីចំនួន៣.៦លាននាក់នោះ មានការភ័យខ្លាចថា ប្រតិបត្តិការវាយលុក នឹងបង្កឲ្យមានជនស៊ីវិលជាច្រើនទៀត ភៀសខ្លួនទៅកាន់តំបន់ព្រំដែនរបស់ខ្លួន៕ ប្រែសម្រួល៖ប៉ាង កុង