ព័ត៌មានអន្តរជាតិ

Update: ប្រទេសស្រីលង្ការ ជំរុញឱ្យនិយោជកអនុញ្ញាតឱ្យ បុគ្គលិកធ្វើការពីផ្ទះ ចំពេលខ្វះខាតសាំងធ្ងន់ធ្ងរ

បរទេស៖ អ្នកនាំពាក្យខុទ្ទកាល័យរដ្ឋមន្ត្រី លោក Bandula Gunawardane បានប្រកាសកាលពីថ្ងៃចន្ទថា ប្រទេសស្រីលង្កាបានផ្អាក ការលក់ប្រេងសាំងដល់ប្រជាជន រយៈពេលពីរសប្តាហ៍ ចំពេលមានការខ្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី28 ខែមិថុនា ឆ្នាំ2022 បានឱ្យដឹងថា លោក Gunawardane បានប្រាប់អ្នកយកព័ត៌មានថា “គណៈរដ្ឋមន្ត្រីបានសម្រេចចិត្ត ចេញប្រេងឥន្ធនៈសម្រាប់ តែសេវាកម្មសំខាន់ៗតែប៉ុណ្ណោះ គឺចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃនេះ [ថ្ងៃទី 27 ខែមិថុនា] រហូតដល់ថ្ងៃទី 10 ខែកក្កដា” ។

យោងតាមមន្ត្រីដដែល ប្រេងឥន្ធនៈនឹងត្រូវបានផ្គត់ផ្គង់ សម្រាប់តែសេវាសំខាន់ៗ ដូចជាការថែទាំសុខភាព កសិកម្ម និងការដឹកជញ្ជូនម្ហូបអាហារ។

លោក Gunawardane ក៏បានព្រមានអំពីការបិទការដឹកជញ្ជូន សាធារណៈដែលមានសក្តានុពល នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ហើយបាននិយាយថា អាជ្ញាធរបានជំរុញឱ្យនិយោជក អនុញ្ញាតឱ្យមនុស្សធ្វើការពីផ្ទះ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top