ព័ត៌មានជាតិ

សម្តេចតេជោ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំ ក្រុមប្រឹក្សាសហព័ន្ធ​កីឡា​ អាស៊ានប៉ារ៉ាហ្គេម និងក្រុមប្រឹក្សាសហព័ន្ធកីឡា អាស៊ីអាគ្នេយ៍

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំ ដើម្បីពិភាក្សាលើកិច្ចការនានា ត្រៀមឆ្ពោះទៅរកការប្រកួតប៉ារ៉ាហ្គេម និងស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ខាងមុខ។ កិច្ចប្រជុំសហព័ន្ធទាំងពីរខាងលើ នឹងត្រូវធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១១-១៣ ខែ កក្កដា ២០២២ ។

សូមបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើកដំបូង នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣។ កម្ពុជា បានចាប់ផ្តើមរាប់ថយក្រោយ រយៈពេល៣០០ថ្ងៃ ឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។

ការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៣ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់កម្ពុជា។ កម្ពុជាមិនអាចធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះបានឡើយ ប្រសិនបើកម្ពុជាខ្វះហេដ្ឋារចនាសម្ព័ន្ធផ្នែកកីឡា និងមិនមានធនធានថវិកាទេនោះ។

កម្ពុជានឹងត្រូវចំណាយថវិកា ប្រមាណ៣០លានដុល្លារ សម្រាប់រៀបចំការប្រកួត កីឡាអាស៊ានប៉ារ៉ាហ្គេម និងកីឡាអាស៊ីអាគ្នេយ៍។ ក្នុងនោះកម្ពុជា បានសន្សំប្រាក់សម្រាប់ចំណាយលើការប្រកួតនេះ ក្នុងមួយឆ្នាំប្រមាណជា ៤០ពាន់លានរៀល ឬស្មើនឹង ១០លានដុល្លារ។

ដើម្បីឈានឆ្ពោះទៅកាន់ ការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ កម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការងារជាច្រើន ជាពិសេសការងារផ្សព្វផ្សាយ ព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ខាងមុខនោះ ៕

To Top