ព័ត៌មានអន្តរជាតិ

ចិន ចូលកាន់តំណែង ជាប្រធានប្ដូរវេន នៃក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិ

ប៉េកាំង៖ ប្រទេសចិន បានចូលកាន់តំណែងជា ប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខ សម្រាប់ខែសីហាជាមួយនឹង អាទិភាពនៃការសម្របសម្រួលកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ សម្រាប់សន្តិសុខរួម និងគាំទ្រដល់ការកសាងសមត្ថភាព របស់អាហ្វ្រិកសម្រាប់ការរក្សាសន្តិភាព។

លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ បានឲ្យដឹងថា ចំពេលមានការផ្លាស់ប្តូរទិដ្ឋភាពអន្តរជាតិ ក្រុមប្រឹក្សាសន្តិសុខត្រូវតែពិនិត្យ មើលឡើងវិញនូវតួនាទីនៃការសន្ទនា និងកិច្ចសហប្រតិបត្តិការសម្រាប់សន្តិសុខរួម។

លោកបានប្រាប់សន្និសីទសារព័ត៌មាន ស្តីពីកម្មវិធីការងារខែសីហា របស់ក្រុមប្រឹក្សាសន្តិសុខថា “ក្រុមប្រឹក្សាត្រូវតែបញ្ជាក់ឡើងវិញ នូវបេសកកម្មរបស់ខ្លួនក្នុងការរក្សាសន្តិសុខរួម និងបំពេញនូវទំនួលខុសត្រូវរបស់ខ្លួន ដូច្នេះហើយ ប្រទេសចិនបានស្នើឱ្យធ្វើ សន្និសីទសារព័ត៌មាននៅថ្ងៃទី២២ ខែសីហា ក្រោមប្រធានបទ ‘ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ៖ លើកកម្ពស់សន្តិសុខរួមតាមរយៈការសន្ទនា និងកិច្ចសហប្រតិបត្តិការ”។

លោកបន្ដថា “តាមរយៈការពិភាក្សាបែបនេះ យើងសង្ឃឹមថា យើងអាចបង្កើតការយល់ស្រប ជាមូលដ្ឋានមួយចំនួនលើបញ្ហាសំខាន់នេះ ហើយយើងនឹងយល់កាន់តែច្បាស់ថា មនុស្សជាតិរបស់យើងមានអនាគតដូចគ្នា ចែករំលែកពិភពលោកដូចគ្នា ហើយសន្តិសុខរបស់ប្រទេសណាមួយ គឺមិនអាចបំបែកបានពីប្រទេសដទៃ និងយើងជាសហគមន៍សន្តិសុខ ដែលមិនអាចបំបែកបាន”។

លោកបន្ថែមថា ” យើងសង្ឃឹមថាតាមរយៈការធ្វើការរួមគ្នា យើងអាចរួមគ្នារក្សាសន្តិភាពពិភពលោក និងសន្តិសុខពិភពលោក យើងក៏អាចប្រឆាំងនឹងនយោបាយប្លុក ប្រឆាំងនឹងការប្រឈមមុខដាក់គ្នា និងធ្វើឱ្យប្រាកដថា យើងទាំងអស់គ្នាកំពុងធ្វើការ ឆ្ពោះទៅរកទិសដៅតែមួយ”។

លោកបានលើកឡើងថា ប្រទេសជាច្រើននៅទ្វីបអាហ្រ្វិក កំពុងប្រឈមមុខនឹងវិបត្តិជាច្រើន ដូចជាជំងឺរាតត្បាតកូវីដ-១៩ សង្គ្រាម និងជម្លោះ ការប្រែប្រួលអាកាសធាតុ និងតម្លៃថាមពល និងអាហារកាន់តែខ្ពស់។

លោកបានបញ្ជាក់ទៀតថា “យើងត្រូវតែទៅហួសពីជំនួយមនុស្សធម៌ និងផ្តោតលើការអភិវឌ្ឍន៍សេដ្ឋកិច្ច។ យើងត្រូវទៅឱ្យលើសពីជំនួយរយៈពេលខ្លី និងស្វែងរកការវិនិយោគរយៈពេលវែង និងដំណោះស្រាយរយៈពេល វែងនៅក្នុងទ្វីបអាហ្រ្វិក ហើយយើងត្រូវទៅឱ្យ លើសពីការបញ្ចូលឈាម និងពង្រឹងមុខងារបង្កើតឈាមរបស់ពួកគេ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top