ស្វាយរៀង ៖ លោករស់ ផារិទ្ធ អភិបាលរង ខេត្តស្វាយរៀង បានថ្លែងថា យុវជនម្នាក់ត្រូវមានជំនាញ មួយយ៉ាងតិចប្រចាំជីវិត ដើម្បីទទួលបានជំនាញ បច្ចេកទេស ចំណេះដឹងពិតប្រាកដ ក្នុងការស្វែង រកការងារធ្វើ ទទួលបានប្រាក់ ចំណូលខ្ពស់ លើកកម្ពស់ជីវភាព រស់នៅឱ្យកាន់តែប្រសើរឡើង និងរួមចំណែកកាត់ បន្ថយភាពក្រីក្រ ។
ការថ្លែងបែបនេះ របស់លោករស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង ខណៈដែលលោកតំណាង លោកអភិបាលខេត្ត និងជាប្រធានគណៈកម្មការ បណ្តុះបណ្តាលខេត្ត អញ្ជើញចូលរួមពិធីប្រជុំ បូកសរុបលទ្ធផលបណ្តុះបណ្តាល ក្រោមគម្រោងអភិវឌ្ឍន៍ វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ TEVETSDP/ADB/AFD Loan នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន ស្វាយរៀង នាព្រឹកថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០២២។
ក្នុងនាមគណៈកម្មការ បណ្តុះបណ្តាលខេត្ត លោករស់ ផារិទ្ធ បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះ វិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេ ជោសែន ស្វាយរៀង មន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត អាជ្ញាធរឃុំ សង្កាត់ ដែលបានផ្តល់កិច្ចសហការល្អ ក្នុងការបណ្ដុះបណ្ដាល ក្រោមគម្រោងអភិវឌ្ឍន៍ វិស័យអប់រំ បច្ចេកទេស និងវិជ្ជាជីវៈ នាពេលកន្ងមក ក្នុងគោលបំណង លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស កម្លាំងពលកម្មជំនាញ ពិតប្រាកដ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ លើកស្ទួយកម្រិតជីវភាពរស់នៅ និងបង្កើនផលិតភាពការងារ និងការប្រកួតប្រជែង ។
ជាមួយគ្នានេះ លោកអភិបាលរង ខេត្ត ក៏បានសំណូមពរដល់ លោក លោកស្រី មេឃុំ ចៅសង្កាត់ទាំងអស់ សូមផ្ដល់កិច្ចសហការល្អ ជាមួយវិទ្យាស្ថាន ពហុបច្ចេកទេសភូមិតេជោសែន ស្វាយរៀង ពិសេសផ្តោតសំខាន់លើការផ្សព្វផ្សាយ អប់រំ ណែនាំដល់បងប្អូនប្រជាពលរដ្ឋ ពិសេស សិស្ស និស្សិត ដែលបោះបង់ ការសិក្សា គ្រួសារក្រីក្រ ដែលនៅទំនេរ មិនទាន់មានការងារធ្វើ សូមជួយជំរុញ ឱ្យពួកគាត់ បានមកចុះឈ្មោះចូលរៀន នៅវិទ្យាស្ថាន ពហុបច្ចេកទេសភូមិភាគតេជោសែន ស្វាយរៀង ឬនៅតាមសហគមន៍នៅមូលដ្ឋាន ស្របទៅនឹងប្រធានបទ “TVET បង្កើនផលិតភាពការងារ និងការប្រកួតប្រជែងខ្ពស់” និងសំដៅសម្រេចឱ្យបាននូវគោលដៅ ដែលកំណត់ផងដែរ៕