ព័ត៌មានជាតិ

សម្តេចតេជោ តបទៅអ្នកខ្លះថា យើងមិនខ្វះលុយ រៀបចំបុណ្យអុំទូកទេ

ភ្នំពេញ៖ បន្ទាប់មានការលើកឡើងពីអ្នកវិភាគ និងមតិមួយចំនួនពីការផ្អាកពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីបក្នុងឆ្នាំ២០២២នេះ ដោយសារមិនមានលុយក្នុងការរៀបចំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ចេញប្រតិកម្ម និងគូសបញ្ជាក់ច្បាស់ៗទៅពួកគេថា ការសម្រេចផ្អាកពិធីបុណ្យអុំទូក ព្រោះការឆ្លងជំងឺកូវីដ១៩មិនទាន់ចប់ ម្យ៉ាងទៀតស្របកម្ពុជាធ្វើជាម្ចាស់ នៃកិច្ចប្រជុំកំពូលអាស៊ាន មិនមែនដោយសារខ្វះលុយទេ ព្រោះត្រឹមចំណាយក្នុងពេលប្រារព្ធម្តងអស់ត្រឹម ៤ទៅ៥លានដុល្លារ មិនខ្វះឡើយ ។

កាលពីសប្តាហ៍មុន សម្តេចនាយករដ្ឋមន្រ្តី បានប្រកាសផ្អាកបុណ្យអុំទូកមួយឆ្នាំទៀត ក្រោយពីផ្អាកតាំងពីឆ្នាំ២០២០មក ដោយសារបញ្ហាកូវីដ១៩ មិនទាន់ស្ងប់ទាំងស្រុង ប៉ុន្តែក្រោយពីការប្រកាសផ្អាករបស់សម្តេច មានអ្នកតាំងខ្លួនជាបណ្ឌិតវិភាគ និងមនុស្សប្រឆាំងមួយចំនួន បានលើកឡើងពីការរិះគន់ថា រាជរដ្ឋាភិបាលកម្ពុជា ពុំមានថវិកាគ្រប់គ្រាន់ក្នុងការរៀបចំ ពិធីបុណ្យជាតិដ៏ធំមួយនេះ ។

“យើងមិនខ្វះលុយក្នុងការ រៀបចំបុណ្យអំទូកនោះទេ ព្រោះក្នុងមួយខែ យើងបញ្ចេញថវិកាប្រមាណជា ៤០លានដុល្លារ ដើម្បីជួយដល់ប្រជាជនក្រីក្រ ហើយក៏មិនខ្វះលុយត្រឹមតែ ពិធីបុណ្យអុំទូកដែលចាយត្រឹមតែ ៤-៥លានដុល្លារតែប៉ុណ្ណោះ ។ នេះមិនមែនជាមូលហេតុពិតប្រាកដ នៃការលុបចោលបុណ្យអុំទូក ដោយសារខ្វះលុយនោះទេ ប៉ុន្តែយើងគោរពចំពោះអ្នកវាយតម្លៃខុស។ យើងសូមកោតសរសើរចំពោះ អ្នកវាយតម្លៃខុសបែបនេះ ដែលពួកគេនៅតែជា អ្នកបរាជ័យមួយជីវិត” ។ នេះយោងតាមសារសំឡេង របស់សម្តេចតេជោ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ។

សម្តេចបានរំលឹកថា កាលពីសប្តាហ៍មុន ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី សម្តេចមិនអនុញ្ញាតឲ្យមាន ការរៀបចំពិធីបុណ្យអុំទូកនៅភ្នំពេញ ប៉ុន្តែអនុញ្ញាតឲ្យបណ្តាខេត្តនានា អាចរៀបចំពិធីប្រណាំងទូក ទៅតាមចំណងចំណូលចិត្ត ខណៈមកដល់ពេលនេះ មានខេត្តខ្លះបានរៀបចំទូក សម្រាប់អុំច្រើនគួរសមរួចដែរ ។

សម្តេចលើកឡើងថា សម្រាប់ការផ្អាកនេះ មានមជ្ឈដ្ឋានមួយចំនួនចេះមកវិភាគ ឬវាយតម្លៃថាមូលហេតុនាយករដ្ឋមន្ត្រីផ្អាក ដោយសារមូលហេតុរដ្ឋាភិបាលអស់លុយ ។ សម្តេចបញ្ជាក់ថា «ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះ អ្នកវិភាគដល់ឆ្កួតលីលា និងកាវាយតម្លៃដោយឆ្កួតលីលា របស់ក្រុមមនុស្សមួយក្តាប់តូច ។ ខ្ញុំពិតជាទទួលស្គាល់ថា កម្ពុជាក្រីក្រ ប៉ុន្តែកម្ពុជាមិនទាន់ដល់ ដំណាក់កាលនៃរដ្ឋក្ស័យធន់នោះទេ ។ យើងនៅតែមានលទ្ធភាព ដើម្បីចំណាយទៅលើពិធីបុណ្យអុំទូកមួយ បើសិនត្រូវរៀបចំ ប៉ុន្តែខ្ញុំសូមបញ្ជាក់ថា ហេតុអ្វីបានជាខ្ញុំសម្រេចចិត្ត លុបចោលនូវបុណ្យអុំទូកឆ្នាំនេះ»។

សម្តេចតេជោបានគូសបញ្ជាក់មូលហេតុ ២សំខាន់ក្នុងការផ្អាកបុណ្យអុំទូកឆ្នាំនេះ គឺទី១. បញ្ហាកូវីដមិនទាន់ចប់ ដោយមិនចង់ឲ្យមានការ ប្រមូលផ្តុំមនុស្សទ្រង់ទ្រាយធំ នៅភ្នំពេញហួសហេតុពេក និងទី២ ដោយសារថ្ងៃបុណ្យអុំទូកចំថ្ងៃ៧-៨-៩វិច្ឆិកា គៀកនឹងថ្ងៃរៀបចំកិច្ចប្រជុំកំពូលអាស៊ាន (១០-១១-១២វិច្ឆិកា)។ ម្យ៉ាងស្របពេលក្នុងថ្ងៃអុំទូក មានបណ្តានាយករដ្ឋមន្រ្តីជាសមាជិកអាស៊ាន មកបំពេញទស្សនកិច្ចនៅកម្ពុជាជាបន្តបន្ទាប់ ។ នេះជាមូលហេតុចម្បងនាំឲ្យរវល់ ទើបសម្តេចសម្រេចផ្អាកបុណ្យអុំទូកទៅ។

សម្តេចថា សម្រាប់សម្តេចជានាយករដ្ឋមន្ត្រី គឺមិនអាចលៃលកពេលវេលាគ្រប់គ្រាន់ ដើម្បីគ្រប់គ្រងជាមួយសភាពការណ៍ បុណ្យអុំទូកដែលមានមនុស្សច្រើន ៕

To Top