ព័ត៌មានជាតិ

កម្ពុជា-ថៃ ឯកភាពគ្នា អត់បិទច្រកទ្វារព្រំដែន ជាឯកតោភាគី

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ អនុភុង ផៅចិន្តា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ បានឯកភាពគ្នា មិនបិទច្រកទ្វារពំ្រដែន ជាឯកតោភាគីឡើយ ហើយការបិទច្រកទ្វារព្រំដែនណាមួយ គប្បីធ្វើឡើងដោយហេតុផល ច្បាស់លាស់។

យោងតាមសេចក្ដីប្រកាសព័ត៌មានរួមរបស់ ក្រសួងមហាផ្ទៃ ស្ដីពីកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ លើកទី៧ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានឲ្យដឹងថា ចំពោះកិច្ចសហប្រតិបត្តិការ ក្នុងការគ្រប់គ្រង ច្រកទ្វារព្រំដែន ភាគីទាំងពីរបានស្វាគមន៍ការបើក ដំណើរការជាផ្លូវការ ច្រកទ្វារព្រំដែន អន្តរជាតិភ្នំដី (ខេត្តបាត់ដំបង)-បានខៅឌីន (ខេត្តស្រះកែវ) នៅក្នុង ឆ្នាំ២០១៨ និងស្វាគមន៍ការបិទ បញ្ចប់ការងារសាងសង់ ស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណង អៀន នៅក្នុងឆ្នាំ២០១៩ ។

ភាគីទាំងពីរ ក៏បានលើកទឹកចិត្ត ឲ្យស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរ សហការបានជិតស្និទ្ធ ដើម្បីឈានទៅបើកដំណើរ ការច្រកទ្វារព្រំដែន អន្តរជាតិស្ទឹងបត់ (ខេត្តបន្ទាយមានជ័យ) – បានណងអៀន (ខេត្តស្រះកែវ) ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

បន្ថែមលើនេះ ភាគីទាំងពីរ ឯកភាព សហការពន្លឿនការដំឡើង និងការបើកដំណើរការ ច្រកទ្វារ ព្រំដែន នៅសេសសល់ចំនួនបីទៀត ជាច្រកទ្វារព្រំដែន អន្តរជាតិ ដូចជា៖ ទី១-ច្រកទ្វារព្រំដែន អានសេះ(ខេត្តព្រះវិហារ)-អានម៉ា(ខេត្តឧប៊ុនរាជធានី) ,ទី២-ច្រកទ្វារព្រំដែនថ្មដា(ខេត្តពោធិ៍សាត់ ) បានថាសែន (ខេត្តត្រាត) និងទី៣-ច្រកទ្វារព្រំដែនជប់គគីរ(ខេត្តឧត្តរមានជ័យ)-សាយតាគូ(ខេត្ត បុរីរ៉ាំ)។ ភាគីទាំងពីរ ក៏បានយល់ព្រមពិនិត្យ លទ្ធភាពក្នុងការដំឡើងកម្រិត ច្រកទ្វារព្រំដែនឆករកា (ខេត្តបាត់ដំបង) បានម៉ាក់មួង (ខេត្តត្រាត) ទៅជាច្រកទ្វារព្រំដែនអន្តរជាតិ។

ជាងនេះទៅទៀត ភាគីទាំងពីរក៏បានលើកទឹកចិត្តអាជ្ញាធរពាក់ព័ន្ធ នៃប្រទេសទាំងពីរធ្វើការវាស់វែង លម្អិតនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ និងភូមិណនម៉ាក់មួន ខេត្តស្រះកែវ ដើម្បីបង្កើតច្រកទ្វារ តំបន់ព្រំដែនថ្មីមួយទៀត ។

ជារួមភាគីទាំងពីរឯកភាពថា «មិនបិទច្រកទ្វារព្រំដែន ជាឯកតោភាគីឡើយ ។ ការបិទ ច្រកទ្វារព្រំដែនណាមួយ គប្បីធ្វើឡើងដោយមាន ហេតុផលច្បាស់លាស់ និងតាមការចាំបាច់ និងដោយ មានការ ព្រមព្រៀង ពីអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ»។

សូមបញ្ជាក់ថា តាមការអញ្ជើញ របស់ នាយឧត្តមសេនីយ៍ អនុភុង ផៅចិន្តា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ សម្ដេចក ស ខេង បានសហដឹកនាំកិច្ចប្រជុំអភិបាល ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ លើកទី៧ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ ៕

To Top