ព័ត៌មានជាតិ

នាយករដ្ឋមន្ដ្រីស្ដីទី ថ្លែងអំណរគុណ ចំពោះសមត្ថកិច្ច បានបំពេញភារកិច្ច ប្រកបដោយជោគជ័យ១០០% ការពារសុវត្ថិភាព កិច្ចប្រជុំកំពូលអាស៊ាន

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ដ្រីស្ដីទី បានថ្លែងអំណរគុណ ចំពោះសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បំពេញភារកិច្ចប្រកបដោយជោគជ័យ១០០% ក្នុងការការពារសុវត្ថិភាព នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធ នៅកម្ពុជា។

តាមរយៈលិខិតថ្លែងអំណរគុណរបស់ រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី១៤ វិច្ឆិកា សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «ខ្ញុំសូមចូលរួមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបឋម ព្រមទាំងអនុប្រធាន សមាជិក និងក្រុមការងារទាំងអស់ ដែលបានបំពេញភារកិច្ចប្រកបដោយជោគជ័យ ១០០ភាគរយ ក្នុងការការពារសុវត្ថិភាពនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងលើកទី៤១ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធ»។

សម្ដេចក្រឡាហោម បន្ដថា ការសម្រេចបានបេសកកម្មដ៏មានអត្ថន័យនេះ មិនត្រឹមតែទទួលបានការសាទរយ៉ាងក្លៀវក្លាពីគ្រប់ មជ្ឈដ្ឋានជាតិ និងអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសមិទ្ធផលដ៏លេចធ្លោមួយគួរឲ្យស្ញប់ស្ញែង ដែលនាំមក នូវមោទកភាព កិត្តិយស និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ ក្នុងទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ ព្រះរាជាណាចក្រកម្ពុជា។

សម្ដេចក្រឡាហោម បន្ថែមថា ទន្ទឹមនេះ ជោគជ័យដ៏ត្រចះត្រចង់នេះ បានរួមចំណែកបង្កើនជំនឿទុកចិត្តកាន់តែខ្លាំងក្លាថែមទៀត មកលើសមត្ថភាព ភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ របស់កម្ពុជា ក្នុងការរៀបចំ ធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ជាតិ-អន្តរជាតិសំខាន់ៗ ដែលនឹងប្រារព្ធធ្វើនាបណ្ដាឆ្នាំខាងមុខ។

សូមរំលឹកថា កម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ លើកទី៣ ចាប់ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានដំណើរការទៅយ៉ាងរលូន ប្រកបដោយសន្តិសុខសុវត្ថិភាព កិច្ចសហប្រតិបត្តិការ និងសមិទ្ធផលផ្លែផ្កាជាប្រវត្តិសាស្ត្រ។ ក្នុងនោះ កម្ពុជាត្រៀមកងកម្លាំងជាង ១ម៉ឺននាក់ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព សម្រាប់កិច្ចប្រជុំកំពូលអាស៊ាននេះផងដែរ៕

To Top