ព័ត៌មានជាតិ

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិ អាស៊ាន ចាប់ពីថ្ងៃទី២១-២៣ វិច្ឆិកា

ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា នឹងរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការពារជាតិ អាស៊ាន (ADMM – Retreat – កិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិ អាស៊ាន-បូក លើកទី៩ (9th ADMM-Plus) និងកិច្ចប្រជុំពាក់ព័ន្ធពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្រុងសៀមរាប ខេត្តសៀមរាប។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការពារជាតិ នាថ្ងៃទី១៤ វិច្ឆិកា បានឱ្យដឹងថា កិច្ចប្រជុំនេះនឹងដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ និងជាប្រធាន កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ាន និង ប្រជុំពាក់ព័ន្ធឆ្នាំ២០២២។

កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន នឹងផ្តោតជាសំខាន់ លើការផ្លាស់ប្តូរទស្សនៈស្តីពី «ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ការពារជាតិ ដើម្បីពង្រឹងសាមគ្គីភាព សម្រាប់សន្តិសុខប្រកប ដោយភាពសុខដុម»។ បន្ទាប់ពីកិច្ចប្រជុំចង្អៀត ក៏មានកិច្ចប្រជុំក្រៅផ្លូវការចំនួនពីរ សម្តេចពិជ័យសេនា នឹងធ្វើជាសហប្រធាន រួមមាន កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-សហរដ្ឋអាមេរិក និងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ឥណ្ឌា ដែលនឹងត្រូវបានរៀបចំជាបន្តបន្ទាប់គ្នា ។

នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នឹង អញ្ជើញជាអធិបតី ដើម្បីថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកជាផ្លូវការ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអា ស៊ានបូក លើកទី៩ ហើយនឹងទទួលការចូលជួបសម្ដែងការគួរសមរួមគ្នា ដោយរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក និងអគ្គលេខាធិការអាស៊ាន ។

ជាងនេះទៅទៀត នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ក៏នឹងស្តាប់របាយការណ៍ នៃការអភិវឌ្ឍន៍ថ្មីៗនៅក្នុងអាស៊ាន ការផ្លាស់ប្តូរទស្សនៈស្តីពី «បរិយាកាសសន្តិសុខតំបន់ និងអន្តរ ជាតិ និងកិច្ចសន្ទនាជាយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិក្នុងតំបន់។

ដោយឡែក នៅក្នុងពិធីបិទបញ្ចប់ នៃកិច្ចប្រជុំខាងលើ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏នឹងធ្វើពិធីផ្ទេរតំណែងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រី ការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ជូន លោក ប្រាបូវ ស៊ូប៊ីយ៉ានតូ រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដែលជាប្រធានប្តូរវេន សម្រាប់ឆ្នាំ២០២៣ផងដែរ៕

To Top