ព័ត៌មានជាតិ

កម្លាំងនគរបាលខេត្តក្រចេះ កំពុងតាមចាប់ខ្លួនអ្នកទោស ៣នាក់ ដែលលួចរត់ចេញពីពន្ឋនាគារ

ភ្នំពេញ៖ កម្លាំងនគរបាលនៃ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ កំពុងតាមចាប់ខ្លួនអ្នកទោស ៣នាក់ ដែលលួចរត់ចេញពីពន្ឋនាគារ កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ។

ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានបញ្ជាក់តាមហ្វេសប៊ុក នៅថ្ងៃទី១៦ វិច្ឆិកានេះ ដោយបង្ហាញបានមុខសញ្ញាពិរុទ្ធជនចំនួន ៣នាក់ ដែលកំពុងតែអនុវត្តទោស នៅក្នុងពន្ឋនាគារខេត្តក្រចេះ និងបានលួចរត់ចេញពីពន្ឋនាគារ កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ។

ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ក៏បានបញ្ជាក់ដែរថា ពេលនេះសមត្ថកិច្ចកំពុង ប្រកាសស្វែងរកចាប់ខ្លួនមកវិញ ។

សូមរំលឹកថា ជនត្រូវចោទចំនួន ៣នាក់ ដែលកំពុងជាប់ឃុំនៅពន្ធនាគារខេត្តក្រចេះ ក្នុងបន្ទប់ធ្វើចត្តាឡីស័ក បានលួចរត់គេចខ្លួនចេញពីពន្ធនាគារ មានឈ្មោះដូចខាងក្រោម៖

១. ជនត្រូវចោទឈ្មោះ ញិហ៍ តុលា ហៅ អ៊ួច អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មានទីកន្លែងកំណើត នៅភូមិស្វាយ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ទីលំនៅមុនពេលចាប់ខ្លួន ភូមិស្វាយជ្រុំ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

២. ជនត្រូវចោទឈ្មោះ ជឿន ស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីកន្លែងកំណើត នៅភូមិទី១ ឃុំព្រែកអាជី ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម ទីលំនៅមុនពេលចាប់ខ្លួន ភូមិទី១ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។

៣. ជនត្រូវចោទឈ្មោះ ពេជ្រ ប្រិមប្រិយ៍ អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មានទីកន្លែងកំណើត នៅភូមិមានជ័យ ឃុំស្រែចា ស្រុកស្នួល ខេត្តក្រចេះ ទីលំនៅមុនពេលចាប់ខ្លួន ភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។

លើសពីនេះ អគ្គនាយកដ្ឋានពន្ធនាគារ បានឱ្យដឹងថា បើសិនប្រជាពលរដ្ឋ បានប្រទះឃើញជនជាប់ឃុំដែលមានភិនភាគ ដូចក្នុងរូបថតនេះ សូមសហការរាយការណ៍ មកអាជ្ញាធរ មានសមត្ថកិច្ចដើម្បីធ្វើការចាប់ខ្លួនមកវិញ ហើយអគ្គនាយកដ្ឋានពន្ធនាគារ នឹងជូនសគុណតាមការគួរ៕

To Top