អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី នៅរៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបញ្ចេញផ្សាយនូវវីដេអូផ្លូវការដ៏លេចធ្លោរថ្មីមួយ មានរយៈពេល១៩នាទី និង១៧វិនាទី ក្រោមចំណងជើងថា «ឆ្នាំ២០២២ : កម្ពុជានាំមកនូវកិត្យានុភាពជាតិដ៏គួរឲ្យស្ញប់ស្ញែងក្នុងនាមប្រធានប្តូរវេនអាស៊ាន»។
វីដេអូនេះផលិតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនសាធារណមតិជាតិ និងអន្តរជាតិ ពាក់ព័ន្ធនឹង «ជោគជ័យដ៍ធំធេងជាប្រវត្តិសាស្ត្រនៃកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងតួនាទីរបស់សម្តេចតេជោជាប្រធានប្តូរវេនអាស៊ាន» ដែលទើបតែបានបិទបញ្ចប់កាលពីថ្ងៃទី១៣ វិច្ឆិកាឆ្នាំ ២០២២ថ្មីៗនេះ។
ក្នុងកំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ ព្រះរាជាណាចក្រកម្ពុជាបានក្លាយជាទីជួបជុំដ៏ធំមួយរបស់មេដឹកនាំអាស៊ាន និងមេដឹកនាំពិភពលោក ដូចជាសហរដ្ឋអាមេរិក ចិន ជប៉ុន អូស្ត្រាលី កាណាដា ញូហ្សេលែន និងសហភាពអឺរ៉ុបជាដើម ព្រមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិនិងស្ថាប័នអន្តរជាតិជាច្រើនទៀត។
រយៈពេលប៉ុន្មានថ្ងៃនៃដំណើរការរៀបចំកិច្ចប្រជុំកំពូលទាំងនេះ កម្ពុជាបានធ្វើឲ្យកក្រើករំជួយពិភពលោកទាំងមូល ពីព្រោះជំនួបថ្នាក់តំបន់និងថ្នាក់ពិភពលោកនេះ បានទាក់ទាញចំណាប់អារម្មណ៍មនុស្សទូទាំងពិភពលោក ឲ្យតាមដាន។ អ្វីដែលជាការកត់សម្គាល់នោះគឺ ដោយមានបទពិសោធន៍ឆ្លងកាត់ភ្លើងសង្គ្រាមជាច្រើនទសវត្សរ៍ និងបានរកឃើញនូវសុខសន្តិភាពពេញលេញដោយខ្លួនឯងក្រោមនយោបាយឈ្នះ-ឈ្នះ ប្រមុខដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រើប្រាស់ទស្សនទានអំពីសន្តិភាពដើម្បីសម្របសម្រួលកិច្ចប្រជុំ ជជែកដោះស្រាយបញ្ហាក្នុងតំបន់និងបញ្ហាអន្តរជាតិនានាដោយសន្តិវិធី។
ប្រមុខដឹកនាំកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើជាប្រធានអង្គប្រជុំនិងដឹកនាំជំនួបកំពូលនេះឲ្យសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ និងចៀសវាងបាននូវការប៉ះទង្គិចគ្នារវាងគូវិវាទធំៗ
ដែលមានវត្តមាននៅលើទឹកដីកម្ពុជា។ ប្រការនេះ ពិតជាសបញ្ជាក់ថា ក្រៅពីសមត្ថភាពក្នុងការរៀបចំទទួលកិច្ចប្រជុំធំៗថ្នាក់អន្តរជាតិដោយសុវត្ថិភាពនិងភាពស័ក្តិសមបំផុតហើយនោះ ប្រមុខដឹកនាំកម្ពុជាក៏បានបង្ហាញអំពីសមត្ថភាពការទូតដ៏ចំណានក្នុងការដឹកនាំ, សម្របសម្រួលកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធទាំងឡាយឲ្យសម្រេចបានផ្លែផ្កាគួរឲ្យមោទនៈ បើទោះបីជាស្ថានភាពក្នុងតំបន់និងក្នុងពិភពលោកកំពុងតានតឹងនិងមានភាពស្មុគស្មាញយ៉ាងខ្លាំងក៏ដោយ។
មានកត្តាច្រើនយ៉ាងដែលអនុញ្ញាតឲ្យកម្ពុជារៀបចំកិច្ចប្រជុំថ្នាក់តំបន់ដែលមានការចូលរួមពីដៃគូអន្តរជាតិជាច្រើនទៀតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់បែបនេះ។
សូមអញ្ជើញទស្សនាវីដេអូ៖