ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) បានថ្លែងថា ការសម្រេចរបស់ FATF ឱ្យមានការចុះពិនិត្យផ្ទាល់នាពេលខាងមុខនេះ គឺជាឱកាសមាសដ៏កម្រសម្រាប់កម្ពុជា ដើម្បីឈានទៅដកខ្លួនចេញពីបញ្ជីប្រផេះ ដែលជាគោលដៅចុងក្រោយ នៃបេសកកម្មរបស់ គ.ស.ហ។
នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៥ របស់ គ.ស.ហ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា សម្ដេច ស ខេង បានឱ្យដឹងថា កិច្ចប្រជុំនាពេលព្រឹកនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យអំពីលទ្ធផលនៃសេចក្តីសម្រេចរបស់មហាសន្និបាទក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force-FATE) លើរបាយការណ៍វឌ្ឍនភាពជុំទី១០ របស់កម្ពុជា ព្រមទាំងដាក់ចេញនូវទិសដៅកាងារបន្តទៀត ដើម្បីត្រៀមលក្ខណៈឱ្យបានល្អ សម្រាប់ការចុះដោះស្រាយការងារនៅអំឡុងខែមករា ឆ្នាំ២០២៣ ខាងមុខ ដើម្បីសំដៅដកកម្ពុជាចេញពីបញ្ជីប្រផេះ FATF នាពេលខាងមុខ។
សម្ដេច បន្ដថា ផ្អែកតាមរបាយការណ៍បឋមដែលសម្ដេចទទួលបានជាបន្ដបន្ទាប់ពី ធនាគារជាតិនៃកម្ពុជា និងអ្នកពាក់ព័ន្ធ កម្ពុជាបានរៀបចំរបាយការណ៍វឌ្ឍនភាពជុំទី១០ របស់ខ្លួន និងបានដាក់ជូន FATF បានទាន់ពេលវេលា ដោយក្នុងរបាយការណ៍នេះ បានរំលិចឱ្យឃើញពីវឌ្ឍនភាពល្អប្រសើរ ប្រហាក់ប្រហែលនឹងវឌ្ឍនភាពជុំទី០៩ ហើយមហាសន្និបាទ FATF កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ថា កម្ពុជា បានអនុវត្តបានពេញលេញនូវផែនការសកម្មភាពទាំងអស់ ដែលនៅសេសសល់ និងបានសម្រេចឱ្យមានការចុះធ្វើ On-site Visit នៅក្នុងខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។
ឆ្លៀតក្នុងឱកាសនោះ សម្ដេច ស ខេង ប្រធាន គ.ស.ហ បានបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាម គ.ស.ហ សម្ដេចក្រឡាហោម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងកិច្ចសហការល្អរបស់ គ.ស.ហ នៃក្រសួង-ស្ថាប័ន្ឋ និងយុទ្ធនាការពាក់ព័ន្ធទាំងអស់ ដែលកន្លងមកបានខិតខំធ្វើការងារយ៉ាងសកម្ម ទាំងថ្ងៃ ទាំងយប់ រហូតដល់សម្រេចបានលទ្ធជាវិជ្ជមានល្អប្រសើរជាបន្ដបន្ទាប់នេះ ផងដែរ។
លើសពីនេះ សម្ដេច បញ្ជាក់ថា «ការសម្រេចរបស់ FATF ឱ្យមានការធ្វើ On-site Visit សម្រាប់កម្ពុជាមិនត្រឹមតែជាជោគជ័យក្នុងជំហ៊ានដ៏សំខាន់មួយសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែជាឱកាសមាសដ៏កម្រសម្រាប់កម្ពុជា ដើម្បីឈានខ្លួនទៅរកការដកចេញពីបញ្ជីប្រផេះ ដែលជាគោលចុងក្រោយ នៃបេសកម្មរបស់ គ.ស.ហ»។ សម្ដេច បន្ដថា ការចុះ On-site Visit នាពេលខាងមុខនេះ គឺជាដំណាក់កាលចុងក្រោយនូវក្នុងក្របខ័ណ្ឌ នៃនិតិវិធីរបស់ FATF មុនសម្រេចដកកម្ពុជាចេញពីបញ្ជីប្រផេះរបស់ខ្លួន។
សូមរំលឹកថា ក្រុមការងារហិរញ្ញវត្ថុ ហៅកាត់ថា (FATF) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ បានសម្រេចបន្តដាក់កម្ពុជាឱ្យស្ថិតក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់ ដែលពិភពលោកត្រូវបង្កើនការតាមដានក្នុងឆ្នាំនេះ៕