ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ លោក ជាវ តាយ សុំលាលែងចេញពីតំណែង​ ដើម្បីព្យាបាលជំងឺ​

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងថា លោក ជាវ តាយ មិនមានកំហុសអ្វីឡើយ ដោយសារលោកសុំលាលែង ចេញពីតំណែងជា អភិបាលខេត្តពោធិ៍សាត់ ដោយខ្លួនឯង ដើម្បីសុំពេលវេលា ព្យាបាលជំងឺ។

សម្ដេច បន្ដថា បើគ្មានអ្វីប្រែប្រួលទេ នៅថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ សម្ដេចនឹងអញ្ជើញប្រកាសចូល​កាន់មុខតំណែង​ លោក​ ខូយ​ រីដា​ អភិបាល​រង​ខេត្ត​បាត់ដំបង​ ជាអភិបាលខេត្តពោធិ៍សាត់ ជំនួសលោក​ជាវ​ តាយ​ ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានយល់ព្រម​តាម​សំណេីររបស់​ក្រសួង​មហាផ្ទៃ​ស្នេីសុំតែងតាំង​ លោក​ ខូយ​ រីដា អភិបាលរងខេត្តបាត់ដំបង​ ជាអភិបាលខេត្តពោធិ៍សាត់ ជំនួស លោក ជាវ តាយ ដែលនឹងទទួលភារកិច្ចថ្មី ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

ក្រោយបញ្ចប់កិច្ចប្រជុំ លើកទី៥ របស់គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា សម្ដេច ស ខេង បានឱ្យដឹងថា ដោយសារបញ្ហាសុខភាពទើប លោក ជាវ តាយ ធ្វេីសំណើរមក ក្រសួងមហាផ្ទៃ ដើម្បីសុំពេលវេលាព្យាបាល ជំងឺរបស់គាត់។

សម្ដេច មានប្រសាសន៍ថា «ម្សិលមិញនេះ សម្ដេចតេជោ បានចុះហត្ថលេខារួចហើយ បើមិនមានអីប្រែប្រួលថ្ងៃច័ន្ទ ខ្ញុំ នឹងទៅប្រកាសផ្ទេរ អភិបាលខេត្តពោធិ៍សាត់។ ដោយសារឯកឧត្តម ជាវ តាយ គាត់អត់មានកំហុសអីទេ ប៉ុន្ដែគាត់ត្រូវការពេលវេលា ដើម្បីសម្រាកព្យាបាល ហើយខ្លួនគាត់ និងក្រុមគ្រួសារគាត់ ចង់បានចឹង ហើយយើងក៏គោរពតាមសំណើរ សំណូមពររបស់គាត់»។

នាឱកាសនោះ សម្ដេច ស ខេង បានឱ្យដឹងថា នាពេលបច្ចុប្បន្ន ក្រសួងមហាផ្ទៃ ខិតខំប្រឹងប្រែងផ្ទេរអំណាចកាន់តែច្រេីនទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាកិច្ចការដ៏មានសារៈសំខាន់ ហើយកន្លងទៅនេះ ក្រសួងបានយកចិត្តទុកដាក់ ដើម្បីធ្វើការបណ្ដុះបណ្ដាល មន្ដ្រីវ័យក្មេងរួចហើយ បញ្ជូនទៅធ្វើការងារ នៅតាមមូលដ្ឋានផងដែរ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top