នយោបាយ

បទអត្ថាធិប្បាយ ៖​ មហោស្រពជាតិ​ ភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៣ ជាជំហានដំបូង នាំយុវជនឱ្យក្លាយជាផលិតករ ភាពយន្ត

ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា មានភាពយន្តខ្នាតខ្លី ចំនួន៣៥រឿង បានដាក់ពាក្យប្រកួតប្រជែង មហោស្រពជាតិ ភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៣ ដែលនឹងប្រព្រឹត្តទៅ នៅពាក់កណ្តាលខែធ្នូឆ្នាំ២០២២ ខាងមុខនេះ ។

ថ្លែងក្នុងសន្និសីទ សារព័ត៌មាន ស្តីពីការរៀបចំមហោស្រពជាតិភាព យន្តខ្នាតខ្លីកម្ពុជា លើកទី៣ នៅព្រឹកថ្ងៃទី១២ខែធ្នូ ឆ្នាំ២០២២ នៅរោងភាពយន្ត Legend Olympia លោក ប៉ុក បូរក្ស ប្រធាននាយក ដ្ឋានភាពយន្ត និងផ្សព្វផ្សាយ វប្បធម៌ មានប្រសាសន៍ថា ចាប់តាំងពីថ្ងៃទទួលពាក្យ ស្នើសុំចូលរួម ប្រកួតប្រជែង គណៈកម្មការរៀបចំមហោស្រព បានទទួលស្នាដៃ ភាពយន្តខ្នាតខ្លី សុំចូលប្រកួត ប្រជែងចំនួន ៣៥ស្នាដៃ ដែលក្នុងនោះ មាន៤ស្នាដៃ គឺជាស្នាដៃ របស់សិក្ខាកាម ដែលបានចូលរួមវគ្គបណ្តុះបណ្តាល ជំនាញផលិតភាពយន្តខ្នាតខ្លី ដែលរៀបចំដោយ នាយកដ្ឋានសិល្ប: ភាពយន្ត និងផ្សព្វផ្សាយ វប្បធម៌  ដោយវគ្គបណ្តុះបណ្តាលផ្តោត លើមុខវិជ្ជា៣សំខាន់ គឺ មុខវិជ្ជា សរសេរអត្ថបទនិពន្ធភាពយន្ត មុខវិជ្ជា ដឹកនាំរឿង និងថតភាពយន្ត ដែលចាប់ផ្តើមតាំងពីខែ កញ្ញា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២២ ។  ចំពោះស្នាដៃភាពយន្តទាំងអស់ នឹង ឆ្លងកាត់ការពិនិត្យ វាយតម្លៃជា២ ដំណាក់កាល ដោយអនុគណៈកម្មការ មេប្រយោគរបស់មហោស្រព ។ ១.ដំណាក់កាលទី១ គណៈមេប្រយោគចំនួន ០៧រូប នឹងពិនិត្យវាយតម្លៃស្នាដៃទាំងអស់ ដើម្បីជ្រើសរើសយក ស្នាដៃភាពយន្តលេចធ្លោចំនួន៥ស្នាដៃ ដើម្បីដាក់ជូនគណៈមេប្រយោគវគ្គផ្តាច់ព្រ័ត្រ ពិនិត្យសម្រេច នៅថ្ងៃប្រារព្ធពិធីបិទមហោស្រព នាថ្ងៃទី២០ ខែធ្នូឆ្នាំ២០២២ ។ ជាមួយនេះគណៈមេប្រយោគ វគ្គដំបូងក៏មានភារកិច្ចជ្រើសរើស ស្នាដៃល្អៗមួយ ចំនួនផ្សេងទៀត ដើម្បីដាក់ជូនមេប្រយោគ វគ្គផ្តាច់ព្រ័ត្រ ពិនិត្យសម្រេច ផ្តល់រង្វាន់លើកទឹកចិត្តផ្សេងទៀតផងដែរ ។ ២.ដំណាក់កាលទី២  គណៈមេប្រយោគ វគ្គផ្តាច់ព្រ័ត្រចំនួន ០៧រូបទៀត នឹងពិនិត្យវាយតម្លៃស្នាដៃ ភាពយន្តលេចធ្លោទាំង ៥ស្នាដៃចុងក្រោយ ដើម្បីជ្រើសរើស ផ្តល់ពានរង្វាន់ប្រចាំមហោស្រព និងពានរង្វាន់លើកទឹកចិត្ត។
សំឡេង ៖ «ក្រុមការងារយើងបានរៀបចំជាង៤ខែ ត្រៀមធ្វើយ៉ាងណា ឱ្យមហោស្រពជាតិ ភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៣នេះទទួលបានជោគជ័យ ហើយអ្វី ដែលសំខាន់ យើងចង់ឱ្យស្នាដៃភាពយន្ត ដែលផលិតដោយយុវផលិតករយើង មានគុណភាព ដែលជាធនធានទ្រទ្រង់ និងអភិវឌ្ឍន៍ ឧស្សាហកម្មភាព យន្តនៅកម្ពុជា»។

លោកបានបញ្ជាក់ថា ស្នាដៃភាពយន្តខ្នាតខ្លីទាំង ៣៥ចំណងជើង ដែលបានដាក់ចូលរួមប្រកួតប្រជែង នឹងត្រូវធ្វើការចាក់បញ្ចាំង នៅរោងភាពយន្តចំនួន ៨ទីតាំងក្នុងរាជធានី ដោយអនុញ្ញាតឱ្យទស្សនិកជន ដែលចូលទស្សនា ព្រមទាំងវាយតម្លៃជ្រើសរើសស្នាដៃ ដែលខ្លួនពេញចិត្តផងដែរ ។ លើសពីនេះ ក្រៅពីការចាក់បញ្ចាំងភាពយន្តខ្នាតខ្លីប្រកួតប្រជែងទាំង៣៥ស្នាដៃ មហោស្រព ក៏មានការចាក់បញ្ចាំងស្នាដៃ ភាពយន្តឯកសារខ្លី ចំនួន៣៣ស្នាដៃ ដែលបង្ហាញពីជីវិត ប្រពៃណី វប្បធម៌ ក៏ដូចជាបរិស្ថានរស់នៅ តាមដងទន្លេមេគង្គកម្ពុជា ។ ភាពយន្តឯកសារ ខ្លីទាំងនេះ ផលិតដោយសិក្ខាកាម ក្នុងវគ្គបណ្តុះបណ្តាលជំនាញ  ផលិត ភាពយន្តឯកសារ ដែលរៀបចំដោយមជ្ឈមណ្ឌល ធនធានសោត ទស្សន៍បុប្ជា ណាក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ។   ក្រៅពីការបញ្ចាំងភាពយន្ត គណៈកម្មការរៀបចំមហោស្រព នឹងរៀបចំសិក្ខាសាលា ភាពយន្តសំខាន់ៗ ចំនួន៣ ដែលមានការ អញ្ជើញចូលរួមពីវាគ្មិនជំនាញៗប្រកបដោយបទ ពិសោធន៍ ព្រមទាំងផលិតករថ្មីចាស់ជាច្រើនរូប។  ១. សិក្ខាសាលា ក្រោមប្រធានបទ ធ្វើដូចម្តេច ដើម្បីនាំយកស្នាដៃភាពយន្តកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ។ សិក្ខាសាលានេះរៀបចំធ្វើនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១និង៣០នាទីរសៀល នៅសាលសន្និសីទ ចតុម្មុខ ដោយអនុញ្ញាតឱ្យចូលរួម ជាសាធារណៈ ។ ២. សិក្ខាសាលា ក្រោមប្រធានបទ ធ្វើដូចម្តេចដើម្បីឱ្យឧស្សាហកម្ម ភាពយន្តខ្នាតខ្លី រីកចម្រើននៅកម្ពុជា។សិក្ខាសាលានេះរៀបចំធ្វើនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១និង៣០នាទីរសៀល នៅសាលសន្និសីទចតុម្មុខ ដោយអនុញ្ញាត ឱ្យចូលរួមជាសាធារណៈ ។ ៣. វគ្គស្វែងរកជំនួយឧបត្ថម្ភ រៀបចំធ្វើនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៤និង០០នាទីល្ងាច នៅ CineHub ។ កម្មវិធីអាចចូលរួមបានតែបេក្ខជន ដែលបានដាក់ពាក្យស្នើសុំ និង មានគម្រោងផែនការផលិតច្បាស់លាស់។

លោក ឯក ប៊ុនថា អគ្គនាយករង អគ្គនាយកដ្ឋាន បច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា មហោស្រពជាតិភាព យន្តខ្នាតខ្លីកម្ពុជាលើកទី៣ ដែលគ្រោងនឹងរៀបចំនាសប្តាហ៍ខាងមុខនេះ គឺជាព្រឹត្តិការណ៍ ដ៏មានសារសំខាន់ និងចាំបាច់ក្នុងការជំរុញ លើកទឹកចិត្តដល់យុវជន ដើម្បីបញ្ចេញគំនិត ចែករំលែកនូវព័ត៌មានដែលពួកគេមាន តាមរយៈអេក្រង់ ឬផ្ទាំងសំពត់ស និងជាជំហានដំបូងក្នុងការនាំពួកគេ ឱ្យក្លាយជាផលិតករ ភាពយន្ត ។ លោកបានវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការរៀបចំ មហោស្រព ដែលបានរៀបចំឱ្យមាន វគ្គបណ្តុះបណ្តាលជំនាញ សរសេរអត្ថបទ ភាពយន្ត ជំនាញ ដឹកនាំរឿង និងជំនាញថតភាពយន្ត ក្នុងរយៈពេលជាង៣ខែ កន្លងមកនេះ ដែលបានផ្តល់នូវឱកាស និងចំណេះដឹង ជាមូលដ្នាន បន្ថែមទៀត លើបច្ចេកទេសជំនាញនៃការផលិតភាពយន្ត ដល់យុវផលិតករវ័យ របស់យើង ហើយសកម្មភាពទាំង នេះ បានរួមចំណែកយ៉ាង សំខាន់ក្នុងគោលដៅជំរុញ និងលើកកម្ពស់ឧស្សាហកម្មភាព យន្តកម្ពុជាឱ្យមានការរីកចម្រើន ប្រកបដោយចីរភាព ទៅថ្ងៃអនាគត ។

សូមបញ្ជាក់ថា នៅក្នុងមហោស្រពជាតិ ភាពយន្តខ្នាតខ្លីនេះ មានពានរង្វាន់ធំចំនួន៣ និងរង្វាន់លើកទឹកចិត្តចំនួន ៥ផ្សេងទៀត ដែលក្នុងនោះរួមមាន៖ ១/ ពានរង្វាន់មាស នឹងទទួលបានពានមាសមួយ អមដោយសាច់ប្រាក់១២លានរៀល ឧបត្ថម្ភដោយ រោងភាពយន្ត មេជើ ស៊ីណេផ្លិច ២/ ពានរង្វាន់ប្រាក់ នឹងទទួលបានពាន ប្រាក់មួយ អមដោយសាច់ប្រាក់៨លានរៀល ឧបត្ថម្ភដោយ ក្រុមហ៊ុន ភេសជ្ជៈ ហនុមាន ៣/ ពានរង្វាន់សំរឹទ្ធ នឹងទទួលបានពាន សំរឹទ្ធមួយ អមដោយសាច់ប្រាក់៤លានរៀល ឧបត្ថម្ភដោយ ក្រុមហ៊ុន  វេសថេច មេឌា ។ ក្រៅពីនេះក៏មាន ពានរង្វាន់លើកទឹកចិត្តផងដែរ ដោយ៖ ១/ ពានរង្វាន់ទស្សនិកជន នឹងទទួលបានពានមួយ អមដោយកាមេរាឌីជីថល មួយគ្រឿង ឧបត្ថម្ភដោយ ផលិតកម្មរាម ២/ ពានរង្វាន់ពិសេសរបស់មេប្រយោគ នឹងទទួលបានពាន មួយ អមដោយទឹកប្រាក់ ៣លានរៀល ឧបត្ថម្ភដោយ រោងភាពយន្ត លេជេន ស៊ីណេម៉ា ៣/ ពានរង្វាន់ អត្ថបទនិពន្ធល្អ នឹងទទួលបានពាន មួយ អមដោយទឹកប្រាក់ ២លានរៀល ឧបត្ថម្ភដោយ ក្រុមហ៊ុនមេឌាឡូត ៤/ ពានរង្វាន់អ្នកដឹកនាំរឿង វ័យក្មេង នឹងទទួលបានពានមួយ អមដោយទឹកប្រាក់ ២លានរៀល ឧបត្ថម្ភដោយ ក្រុមហ៊ុន ត្រីមូលៀ ៥/ ពានរង្វាន់បច្ចេកទេសល្អ នឹងទទួលបានពានមួយ អមដោយទឹកប្រាក់ ២លានរៀល ឧបត្ថម្ភដោយ ក្រុមហ៊ុន អ៊ឹម ភីកឈ័រ ៕
(អត្ថបទ៖ដោយវិទ្យុមិត្តភាពកម្ពុជាចិន )

To Top