បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃ ប្រទេសអ៊ុយក្រែនលោក Dmitry Kuleba កាលពីថ្ងៃចន្ទកន្លងមកនេះ បានលើកឡើងថា កន្លងមកប្រទេសអាល្លឺម៉ង់ តែងតែជាអ្នកផ្គត់ផ្គង់ ដ៏សកម្មនិងទៀងទាត់ បំផុតសម្រាប់អ៊ុយក្រែន និងជាពិសេសប្រភេទរថក្រោះ Leopard 2 ប៉ុន្តែមកដល់ពេលនេះរដ្ឋាភិបាលក្រុងគៀវ មិនទាន់យល់ទេថាហេតុអ្វី បានជាការដឹកជញ្ជូនអាវុធទាំងនោះ បែរជាចាប់ផ្តើមមានភាពយឺតយ៉ាវ និងមានភាពស្ទាក់ស្ទើរទៅវិញ។
ថ្លែងទៅកាន់ក្រុមអ្នកកាសែតរបស់ Tagesschau លោក Kuleba បានអះអាងថាអាល្លឺម៉ង់កន្លងមក ធ្លាប់បានសន្យាហើយថានឹងបញ្ចូន អាវុធជាច្រើនទៀតមកហើយប្រទេសអ៊ុយក្រែន ដែលទោះបីជាយ៉ាងណាក្តី កញ្ចប់អាវុធទាំងនោះក៏នឹង មិនមានរួមបញ្ចូលទាំងប្រភេទរថក្រោះខាងលើ ដែលអ៊ុយក្រែនតែងតែបានស្នើសុំនោះដែរ។
លោករដ្ឋមន្ត្រីបន្តថា៖ ការសម្រេចចិត្តពីសំណាក់អាល្លឺម៉ង់ នៅមិនទាន់ធ្វើឡើងនៅឡើយ ការសន្យាចំពោះអាវុធប្រភេទនេះ ក៏មិនទាន់បានផ្តល់ប៉ុន្តែរដ្ឋាភិបាលក្រុងគៀវ កំពុងធ្វើការងារយ៉ាងមមាញឹក ដើម្បីសម្រេចឲ្យបានតាមផែនការនេះ។
គួរឲ្យដឹងដែរថា មន្ត្រីអ៊ុយក្រែនជាច្រើនដងមកហើយ ដែលតែងតែបានធ្វើការរិះគន់ ទៅលើប្រទេសអាល្លឺម៉ង់ ចំពោះការពន្យាពេល និងមិនព្រមធ្វើការបញ្ជូនអាវុធតាមផែនការ មកឲ្យក្រុងគៀវដែលក្នុងនោះ កាលពីថ្ងៃអាទិត្យផងដែរ ប្រេសិតពិសេសរបស់ អ៊ុយក្រែនប្រចាំនៅអាល្លឺម៉ង់លោក Aleksey Makeev បានទិះតៀនអជ្ញាធរអាល្លឺម៉ង់ថា បានរារាំងមិនព្រមបញ្ជូនអាវុធ ដែលផលិតនៅអាមេរិកប្រភេទ Patroit air defense មកឲ្យអ៊ុយក្រែននៅឡើយហើយអំពាវនាវ ឲ្យអាល្លឺម៉ង់ពន្លឿនកិច្ចការងារនេះពីព្រោះថា អ៊ុយក្រែនគ្មានពេលវេលារងចាំយូរទៀតនោះទេ ៕
ប្រែសម្រួល៖ ស៊ុន លី