ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី១៨-២០ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ កម្ពុជានឹងចុះត្រជាក់ខ្លាំង ជាពិសេសនៅបណ្តាខេត្តនៅតំបន់ភ្នំ និងជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក នៅថ្ងៃទី១៦ ធ្នូ បានឲ្យដឹងថា ទ្រនុងសម្ពាធខ្ពស់ពីចិន បានធ្លាក់យ៉ាងគំហុគមកក្រោម ជាមួយនឹងខ្យល់មូសុងបក់ក្នុង ល្បឿនខ្លាំង ។
ក្រសួងបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ចាប់ពីថ្ងៃទី១៨-២០ ខែធ្នូ ធាតុអាកាសអាចចុះត្រជាក់ខ្លាំង ជាពិសេសនៅបណ្តាខេត្តនៅតំបន់ភ្នំ និងជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ។ – ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ ឧត្តរមានជ័យ និងខេត្តប៉ៃលិន សីតុណ្ហភាពអប្បបរមា អាចនឹងធ្លាក់ចុះក្នុងរង្វង់ពី ១៥-១៦°C ។ – ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប និងខេត្តស្ទឹងត្រែង សីតុណ្ហភាពអប្បបរមាអាចនឹងធ្លាក់ចុះ ក្នុងរង្វង់ពី ១៧-១៨°C ។
ចំពោះរាជធានី និងបណ្តាខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមាស្ថិតក្នុងរង្វង់ ២០°C ។ នៅក្នុងអំឡុងពេលនោះដែរ សង្កេតឃើញសីតុណ្ហភាព អតិបរមានៅវេលាថ្ងៃមានពី ២៦-២៩០C ។ បន្ទាប់ពីថ្ងៃទី២១ ខែធ្នូ សីតុណ្ហភាពអាច កើនឡើងពី ២-៣°C វិញ ៕