ព័ត៌មានអន្តរជាតិ

Update៖ កោះតៃវ៉ាន់ នឹងបង្កើនកាតព្វកិច្ចយោធា ខណៈចិនបន្តបង្កើនសម្ពាធ មកលើដែនកោះរបស់ខ្លួន

តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ថា មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយរូប បានលើកឡើងថា ផែនការពង្រីកការបំពេញកាតព្វកិច្ច យោធានៅកោះតៃវ៉ាន់ដល់១ឆ្នាំ ចាប់ពីរយៈពេល៤ខែនាពេលបច្ចុប្បន្ននេះ នឹងត្រូវប្រកាសនៅថ្ងៃអង្គារនេះ ខណៈដែលកោះនេះធ្វើការដោះស្រាយ ជាមួយនឹងការកើនឡើងសម្ពាធយោធា របស់ប្រទេសចិន ។

ការិយាល័យរបស់ប្រធានាធិបតីកោះតៃវ៉ាន់ Tsai Ing-wen បានឲ្យដឹងថា លោកស្រីនឹងកោះប្រជុំសន្តិសុខជាតិ នៅព្រឹកថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីការពង្រឹងការ ការពារជនស៊ីវិលរបស់កោះនេះ បន្ទាប់មកសន្និសីទសារព័ត៌មាន ស្តីពីវិធានការការពារស៊ីវិលថ្មី ដែលមិនបានបញ្ជាក់ច្បាស់លាស់នោះទេ ។

ក្រុមសន្តិសុខរបស់លោកស្រី Tsai រួមទាំងមន្ត្រីជាន់ខ្ពស់មកពីក្រសួងការពារជាតិ និងក្រុមប្រឹក្សាសន្តិសុខជាតិ បាននឹងកំពុងពិនិត្យមើលប្រព័ន្ធយោធា របស់កោះតៃវ៉ាន់ចាប់តាំងពីឆ្នាំ២០២០ ស្របពេលមានការគំរាមកំហែង កាន់តែខ្លាំងឡើងពីប្រទេសចិន ។

ក្រុងតៃប៉ិ ដែលបដិសេធការទាមទារ អធិបតេយ្យភាពរបស់ក្រុងប៉េកាំង កាលពីថ្ងៃចន្ទបានរាយការណ៍ ពីការលុកលុយរបស់កងទ័ពអាកាសចិន ដ៏ធំបំផុតមិនធ្លាប់មានចូលទៅក្នុង តំបន់កំណត់អត្តសញ្ញាណ ការពារដែនអាកាសរបស់កោះនេះ ដោយមានយន្តហោះចិន ចំនួន៤៣គ្រឿងបានឆ្លងកាត់ ចន្លោះប្រហោងមិនផ្លូវការរវាងភាគីទាំង២ ។

ប្រទេសចិន ក៏បានរៀបចំធ្វើសមយុទ្ធសង្រ្គាម នៅជិតកោះតៃវ៉ាន់កាលពីខែសីហា បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ ទីក្រុងតៃប៉ិដោយប្រធានសភា សហរដ្ឋអាមេរិកលោកស្រី Nancy Pelosi នាពេលនោះ ។

មន្ត្រីដែលបានចូលរួមក្នុង កិច្ចពិភាក្សាសន្តិសុខកម្រិតខ្ពស់ និងបានបដិសេធមិន បញ្ចេញឈ្មោះបានឲ្យដឹងថា “អាកប្បកិរិយាឯកតោភាគីផ្សេងៗរបស់ចិន បានក្លាយទៅជាកង្វល់ដ៏ធំមួយ សម្រាប់សន្តិសុខក្នុងតំបន់” ។

មន្ត្រីរូបនេះបានលើកឡើងថា ស្ថិតនៅក្រោមផែនការដែលនឹង ចូលជាធរមាននៅឆ្នាំ២០២៤ យោធានឹងឆ្លងកាត់ការហ្វឹកហ្វឺនកាន់តែខ្លាំង រួមទាំងសមយុទ្ធបាញ់ប្រហារ និងការណែនាំប្រយុទ្ធដែលប្រើប្រាស់ ដោយកងកម្លាំងសហរដ្ឋអាមេរិក ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top