ព័ត៌មានអន្តរជាតិ

មន្ត្រីជាន់ខ្ពស់បំផុត ក្នុងកងកម្លាំងប្រដាប់អាវុធអាមេរិក ជួបទាហានអ៊ុយក្រែន ដែលកំពុងហ្វឹកហ្វឺន ដោយមន្ទីរបញ្ចកោណ នៅអាល្លឺម៉ង់

បរទេស៖ ប្រធានអគ្គសេនាធិការចម្រុះ​ របស់សហរដ្ឋអាមេរិក លោក Mark Milley ដែលជាមន្ត្រីជាន់ខ្ពស់បំផុត នៅក្នុងកងកម្លាំងប្រដាប់អាវុធអាមេរិក បានជួបជាមួយទាហានអ៊ុយក្រែន ដែលកំពុងទទួលការហ្វឹកហ្វឺន ដោយមន្ទីរបញ្ចកោណ នៅឯមូលដ្ឋានមួយ ក្នុងប្រទេសអាល្លឺម៉ង់ ដែលថ្មីៗនេះទីក្រុងវ៉ាស៊ីនតោន បានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីរៀបចំកងទ័ពបរទេស សម្រាប់ការប្រយុទ្ធ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧត្តមសេនីយ Mark Milley បានធ្វើដំណើរទៅតំបន់ហ្វឹកហ្វឺន Grafenwoehr របស់កងទ័ពសហរដ្ឋអាមេរិក ក្នុងរដ្ឋ Bavaria របស់អាល្លឺម៉ង់ក្នុងរយៈពេល ត្រឹមតែពីរម៉ោងកាលពីថ្ងៃចន្ទ ដោយមើលការខុសត្រូវ លើប្រតិបត្តិការហ្វឹកហ្វឺន ជាមួយទាហានអ៊ុយក្រែន និងគ្រូជនជាតិអាមេរិករបស់ពួកគេ។

លោក Milley បាននិយាយក្នុងអំឡុងពេលជួប ជាមួយមេបញ្ជាការថា “នេះមិនមែនជាការបង្វិលម៉ាស៊ីនធម្មតានោះទេ។ នេះជាពេលវេលាមួយ ក្នុងចំណោមពេលវេលា ដែលអ្នកចង់ធ្វើឲ្យមានការផ្លាស់ប្តូរនោះ គឺវាជានេះ” ។

ទោះបីជាអ្នកកាសែតត្រូវបានអនុញ្ញាត ឱ្យចូលទៅកាន់កន្លែងបណ្តុះបណ្តាលក៏ដោយ ក៏ពួកគេត្រូវបានហាមឃាត់មិនឱ្យថត ឬថតរូបឧត្តមសេនីយ៍ នៅពេលលោក Mark Milley និយាយជាមួយកងទ័ពអ៊ុយក្រែន ឬពីការបញ្ជូនបន្តខ្លឹមសារ នៃការសន្ទនារបស់ពួកគេ៕ ប្រែសម្រួលៈ ណៃ តុលា

To Top