ព័ត៌មានជាតិ

ភរិយានាយករដ្ឋមន្រ្តីកម្ពុជា និងភរិយានាយករដ្ឋមន្រ្តីម៉ាឡេស៊ី មានជោគវាសនាស្ទើរតែដូចគ្នា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ភរិយារបស់សម្តេច គឺសម្តេចកិត្តិព្រឹទ្ធិបណ្ឌិតប៊ុនរ៉ានី និងភរិយានាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម (Anwar bin Ibrahim)មានជោគវាសនាប្រហាក់ប្រហែលគ្នា ។

ការលើកឡើងពីភរិយារបស់សម្តេច និងភរិយា នាយករដ្ឋមន្រ្តីម៉ាឡេស៊ីដែលមានចំណុចស្ទើតែដូចគ្នានេះ ធ្វើឡើងក្នុងឱកាសនាយករដ្ឋមន្រ្តី ម៉ាឡេស៊ីបំពេញទស្សនកិច្ចនៅកម្ពុជា ហើយបានជួបពិភាក្សាការងារ ចុះហត្ថលេខា និងធ្វើសន្និសីទរួមគ្នាជាមួយសម្តេចនារសៀលថ្ងៃ២៧ មីនា ។

ចំណុចដូចគ្នាត្រូវបានសម្តេចអះអាងថា ទាំងភរិយាសម្តេច និង ភរិយាលោកនាយករដ្ឋមន្រ្តី ម៉ាឡេស៊ីត្រូវរងអំរែក ក្នុងពេលស្វាមីជួបការលំបាក​ (សម្តេចចេញធ្វើសង្រ្គាម) ខណៈលោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម ជាអតីតមេបក្សប្រឆាំង នៅម៉ាឡេស៊ី បច្ចុប្បន្នមានអាយុ៧៦ឆ្នាំ ធ្លាប់បានជាប់ពន្ធនាគារ ចំនួន២ដង។

សម្រាប់ដំណើរទស្សនកិច្ចជាលើកដំបូង ក្រោយក្លាយជានាយករដ្ឋមន្រ្តីម៉ាឡេស៊ី ក្នុងឱកាសនាចុងបញ្ចប់នៃធ្វើសន្និសីទរួមគ្នា សម្តេចតេជោ បានរំលឹកពីអនុស្សាវរីយ៍រវាងសម្តេចនិងភរិយា ព្រមទាំងលោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីមនិងភរិយាថា ពួកគាត់មិនមែនទើបតែស្គាល់គ្នាទេ គឺបានស្គាល់គ្នាជាច្រើនឆ្នាំមកហើយ ដោយសម្តេចបញ្ជាក់ថា អនុស្សាវរីយ៍ដែលសម្តេចចងចាំបំផុតគឺការរៀបចំអាហារសាមគ្គីមួយ នៅឯទីក្រុងកូឡាឡាំពួរក្នុងឆ្នាំ១៩៩៦ ដែលរយៈពេល២៧ឆ្នាំក្រោយបានជួបគ្នាឡើងវិញ(នាថ្ងៃ២៧ មីនា)លើទឹកដីកម្ពុជា ។

ចំពោះចំណុចភរិយារបស់នាយករដ្ឋមន្រ្តីស្រដៀងគ្នានេះ សម្តេចតេជោបានរំលេចឡើងថា “តាមរយៈឯកឧត្តមនាយករដ្ឋមន្រ្តី អនុញ្ញាតឲ្យភរិយាខ្ញុំ ផ្តាំសួរសុខទុក្ខ ចំពោះភរិយាឯកឧត្តម ដែលឯកឧត្តមមានភរិយាដែលគួរឲ្យគោរព ហើយភរិយារបស់ឯកឧត្តម និងភរិយាយរបស់ ខ្ញុំមានជោគវាសនាប្រហាក់ប្រហែលគ្នា នៅពេលដែលប្តីកំពុងតែជួបការលំបាក ភរិយាត្រូវទទួលនូវអំរែកទាំងឡាយ។ ខ្ញុំជាមួយនឹងភរិយារបស់ខ្ញុំបែកគ្នារហូតទៅដល់កូនហៅពូ ។ ឯចំពោះឯកឧត្តម ខ្ញុំក៏បានផ្តាំសួរសុខទុក្ខឯកឧត្តមតាមរយៈភរិយាឯកឧត្តម។ រឿងនេះគឺជាអនុស្សាវរីយ៍ដែលគួរឲ្យចង់ចាំ ហើយជាមិត្តភាពសម្រាប់ យើង”៕

To Top