ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ក្រសួងមហាផ្ទៃ អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវផែនការអភិវឌ្ឍធនធានមនុស្ស ដោយផ្អែកលើគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងសមត្ថភាព និងលើកកម្ពស់ក្រមសីលធម៌ វិជ្ជាជីវៈកងកម្លាំងនគរបាលជាតិ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា និងបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ នៅសាលានគរបាលជាតិភូមិ៦ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះសម្ដេច ស ខេង ក៏បានគូសបញ្ជាក់ថា “ក្រសួងមហាផ្ទៃ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវផែនការអភិវឌ្ឍធនធានមនុស្ស ដោយផ្អែកលើគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងសមត្ថភាព និងលើកកម្ពស់ក្រមសីលធម៌ វិជ្ជាជីវៈកងកម្លាំងនគរបាលជាតិ ក្នុងការបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព”។
សម្ដេច បន្ដថា ទន្ទឹមនេះក្រសួងបាន ចំណាយថវិកាជាច្រើន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់សម្ភារៈផ្សេងៗ នៅបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគទាំងអស់ឱ្យឆ្លើយតបទៅនឹងតម្រូវការនៃការងារអភិវឌ្ឍធនធានមនុស្ស និងស្របតាមស្ដង់ដារ គុណភាពដែលបានកំណត។
ពីវេទិកានោះដែរ សម្ដេច ស ខេង បានផ្ដល់អនុសាសន៍ឱ្យបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគទាំងអស់ បន្តយកចិត្តទុកដាក់លើកកម្ពស់ប្រសិទ្ធភាពនៃការដឹកនាំគ្រប់គ្រង និងពង្រឹងគុណភាពអប់រំឱ្យកាន់តែល្អប្រសើរ។
សម្ដេចក៏បានណែនាំ លោក ចាន់ អ៊ាន និង នាយកដ្ឋានបុគ្គលិក ត្រូវបន្តពិនិត្យ និងរៀបចំតាមនីតិវិធីដើម្បីចាត់បញ្ចូនមន្ត្រីនគរបាលដែលមិនទាន់ឆ្លងកាត់វគ្គសិក្សា ឱ្យមកសិក្សាក្នុងវគ្គបន្តបន្ទាប់ទៀត ឱ្យបានគ្រប់ៗគ្នាជាកំហិត។
ទន្ទឹមគ្នានេះ សម្ដេច ក៏បានផ្ដល់អនុសាសន៍ណែនាំសិស្សនគរបាលជ័យលាភីទាំងអស់ ត្រូវយកចំណេះដឹង និងជំនាញទទួលបានពីការបណ្តុះបណ្តាលនេះទៅបម្រើដល់អង្គភាពខ្លួន និងជួយប្រជាពលរដ្ឋនៅក្នុងសង្គម ដោយត្រូវប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ លើការងារ គោរពអនុវត្តច្បាប់ មានក្រមសីលធម៌វិជ្ជាជីវៈ និងអាកប្បកិរិយាល្អ ទាំងនៅក្នុងអង្គភាព និងសង្គម៕