ព័ត៌មានជាតិ

សម្តេចតេជោ៖ កម្ពុជាត្រៀមឯកសារប្តឹងទៅ UN និងប្រធានអាស៊ាន ករណីដ្រូនហោះចូលដីខ្លួន

រូបភាព៖ ហ្វេសប៊ុកសម្ដេចតេជោ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ក្រសួងការបរទេសខ្មែរ ឲ្យត្រៀមឯកសារនានា សម្រាប់ប្តឹងទៅអង្គសហប្រជាជាតិ (UN) និងប្រធានអាស៊ាន បើសិនយន្តហោះគ្មានមនុស្សបើក (ដ្រូន) នៅតែគន្លើនហោះចូលដែនអាកាសកម្ពុជាទៀត។

ការបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនេះ បន្ទាប់មានយន្តហោះគ្មានមនុស្សបើក ឬដ្រូន បានហោះចូលដែនអាកាសក្នុងក្រុងបានលុង ខេត្តរតនគិរី របស់កម្ពុជាអស់រយៈពេលជាច្រើនថ្ងៃ ដោយមិនដឹងពីប្រភពច្បាស់ ខណៈសម្តេចតេជោបានដាក់ការសង្ស័យថា ជាក្រុមភេរវកម្មដែលបានរត់បាក់ទ័ពចេញពីទឹកវៀតណាម ។ ដើម្បីការពារសុវត្ថិភាពសន្តិសុខជាតិ សម្តេចក៏បានបញ្ជាឲ្យមន្រ្តីជាន់ខ្ពស់ខាងទ័ពកម្ពុជាបញ្ចេញកងកម្លាំង៥០០នាក់ និងកាំភ្លើង២០០ដើមផងដែរ ដើម្បីបាញ់ទំលាក់ដ្រូនទាំងនោះ។

ក្នុងជំនួបពិធីជំនួបជាមួយកម្មករ នាថ្ងៃ២៩ មិថុនា សម្តេចតេជោបានបន្តលើកពី ករណីដ្រូនរបស់បច្ចាមិត្តថា មកដល់រាត្រីថ្ងៃ២៨ មិថុនានេះ មិនមានការបង្ហោះដ្រូន ដោយក្រុមភេរវកម្មទៀតនោះទេ បន្ទាប់ពីប៉ុន្មានថ្ងៃមុន បានហោះចូលកម្ពុជាជាហូរហែរ។

ជាមួយគ្នានេះ សម្តេចតេជោក៏បានជួបពិភាក្សា ជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែររួចហើយថា នឹងធ្វើលិខិតទៅអគ្គលេខាធិការ អង្គការសហប្រជាជាតិ និងប្រធានអាស៊ាន បើសិនដ្រូនហោះចូលមកដែនដីកម្ពុជាទៀត។

សម្តេចបញ្ជាក់ថា «យើងស្នើសុំទៅអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីឲ្យពិនិត្យមើលក្នុងនាមយើង ជារដ្ឋអធិបតេយ្យមួយដែលគេបង្ហោះយន្តហោះ ដោយគ្មានមនុស្សចូលក្នុងស្រុកយើង ហើយយើងក៏គួរតែសរសេរលិខិត ទៅកាន់ប្រធានអាស៊ានផងដែរ ដើម្បីថា ប្រទេសយើងត្រូវញាំញីដោយ យន្តហោះគ្មានមនុស្សបើក ឬដ្រូនដោយមិនស្គាល់អត្តសញ្ញាណ” ។

សម្តេចនាយករដ្ឋមន្ត្រីបន្ថែមថា កម្ពុជាមិនអាចឲ្យអ្នកណាមកប្រើប្រាស់ដ្រូន ចូលដែនដីខ្លួននោះទេហើយ នៅពេលខ្លះក្រុមគេនោះ ធ្វើសកម្មភាពគន្លើន ដូច្នេះអាស៊ានត្រូវរួមដៃគ្នាក្នុងការកំចាត់ដ្រូននេះ ព្រោះជួនកាលបើមិនចូលមកកម្ពុជា ក៏អាចវាយចូលដែនដី ប្រទេសសមាជិកអាស៊ានផ្សេងទៀតដែរ។

សម្តេចតេជោបញ្ជាក់ថា «ដ្រូនឥឡូវវាអាចសម្លាប់មនុស្សបាន វាអាចបើកបុកទម្លាក់គ្រាប់ ឬបាញ់ដូចករណីមានមេទ័ពមួយរូប ត្រូវបានសម្លាញ់ដោយអាមេរិក នៅឌូបៃដោយដ្រូនអាមេរិក។ អីញ្ចឹងទេយើងត្រូវម៉ត់ចត់ ក្នុងការពារដែនអធិបតេយ្យរបស់យើង»៕

To Top