ព័ត៌មានអន្តរជាតិ

យ៉ាងហោចណាស់ មនុស្សចំនួន១៧នាក់ បាត់បង់ជីវិត ក្រោយពីមានករណីបាក់ដងស្ទូច នៅការដ្ឋានសាងសង់ ផ្លូវនៅក្នុងប្រទេសឥណ្ឌា

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ថា នៅថ្ងៃអង្គារនេះ យ៉ាងហោចណាស់ មានកម្មករចំនួន១៧នាក់ បានបាត់បង់ជីវិត និង៣នាក់ផ្សេងទៀតបានរងរបួស ក្រោយពីរថយន្តស្ទូច១គ្រឿង បានបាក់ដងស្ទូចនៅឯការដ្ឋានសាងសង់ ផ្លូវមួយកន្លែងនៅរដ្ឋ Maharashtra ភាគខាងលិចនៃប្រទេសឥណ្ឌា ។

គួរបញ្ជាក់ថា ឧបទ្ទវហេតុនេះបានកើតឡើង នៅជិត Shahapur ក្នុងស្រុក Thane ចម្ងាយប្រហែល៧១គីឡូម៉ែត្រភាគឦសាននៃទីក្រុង Mumbai រដ្ឋធានី Maharashtra ហើយ ក្រុមកងកម្លាំងឆ្លើយតប គ្រោះមហន្តរាយជាតិ ហៅកាត់ថា (NDRF) របស់ប្រទេសឥណ្ឌា បានប្រញាប់ប្រញាល់ ទៅដល់កន្លែងកើតហេតុ ។

លោក Sarang V Kurve មន្ត្រីជាន់ខ្ពស់នៃក្រុម NDRF បានលើកឡើងថា “ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះរបស់យើងកំពុងដំណើរការនៅឡើយទេ” ។

បើយោងតាម NDRF បានឲ្យដឹងថា សាកសពចំនួន១៧នាក់ ត្រូវបានរកឃើញពីកន្លែងកើតហេតុនោះ ។ អ្នករបួសទាំង៣នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅក្បែរនោះដែរ ។

លោក Narendra Modi នាយករដ្ឋមន្រ្តីឥណ្ឌា បានសម្តែងការសោកស្តាយ ចំពោះការស្លាប់នេះ ហើយបានប្រកាសផ្តល់សំណង ជារូបិយវត្ថុដល់គ្រួសារជនរងគ្រោះផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top