ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានប្ដេជ្ញាយ៉ាងឱឡារិក ចំពោះមុខប្រជាជនថា រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងត្រូវបង្កើតឡើង ក្នុងពេលដ៏ឆាប់ខាងមុខនេះ នឹងបន្តពង្រឹងសាមគ្គីភាពរបស់ប្រជាជាតិ ព្រមទាំងខិតខំអនុវត្តកម្មវិធី នយោបាយឱ្យបានជោគជ័យ ។
តាមរយៈសេចក្ដីថ្លែងការណ៍នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជា «សូមប្ដេជ្ញាយ៉ាងឱឡារិកចំពោះមុខប្រជាជនថា រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងត្រូវបង្កើតឡើង ក្នុងពេលដ៏ឆាប់ខាងមុខនេះ ហើយដែលមាន ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នឹងបន្តពង្រឹងធ្លុងសាមគ្គីភាព របស់ប្រជាជាតិទាំងមូល ខិតខំអនុវត្តកម្មវិធីនយោបាយដែលបានប្រកាស ជូនជនរួមជាតិរួចហើយឱ្យបានជោគជ័យ ឆ្លើយតបទាំងស្រុងទៅនឹងជំនឿទុកចិត្ត របស់ប្រជាជនមកលើគណបក្ស»។
គណបក្ស បានអំពាវនាវដល់ជនរួមជាតិនៅគ្រប់ទិសទី សូមបន្តរួមសាមគ្គីជាធ្លុងមួយ ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងរួបរួមគ្នាជុំវិញរាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៧ ដើម្បី ធានានូវការថែរក្សាសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ព្រមទាំងរាល់សមិទ្ធផលសង្គមជាតិឱ្យ បានគង់វង្ស និងបន្តអភិវឌ្ឍមាតុភូមិកម្ពុជាជាទីស្នេហា នៃយើងឆ្ពោះទៅរកអនាគតដ៏រុងរឿង ដែលគ្មានការកើតឡើង ជាថ្មីទៀតនូវសង្គ្រាម អំពើប្រល័យពូជសាសន៍ និងការបែកបាក់ជាតិដូចពីអតីតកាល៕