ព័ត៌មានជាតិ

Update: ឧត្តមសេនីយ៍ ស ថេត បញ្ជាក់ពី ឃាត់ខ្លួន ថៅកែក្រុមហ៊ុនពិភពដីមាស និងអង្គរក្ស ក្រោយផ្ទុះអាវុធដាក់សមត្ថកិច្ច

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ បញ្ជាក់ប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល នៅមុននេះបន្តិចថា សមត្ថកិច្ចរបស់លោក បានឃាត់ខ្លួនម្ចាស់ក្រុមហ៊ុនពិភពដីមាស និងអង្គរក្ស ក្រោយផ្ទុះអាវុធដាក់សមត្ថកិច្ច នៅពេលចុះអនុវត្តដីការ របស់តុលាការ។

លោកឧត្តមសេនីយ៍ឯក បានបន្តថា “ក្រុមហ៊ុនពិភពដីមាស មានការជំពាក់ជំពិន ជាមួយប្រជាពលរដ្ឋ រាប់រយគ្រួសារ ដូចនៅ (ខេត្ត) កំពតអីចឹង ។ ហើយប្រជាពលរដ្ឋលើកគ្នាមកតវ៉ា ជាមួយក្រុមហ៊ុនហ្នឹង តែសមត្ថកិច្ចយើងមានដីការត្រឹមត្រូវ ។ ហើយពេលយើង (សមត្ថកិច្ច)ទៅ អង្គរក្ស តដៃជាមួយសមត្ថកិច្ច ។ ហើយយើងបានទៅយក (ឃាត់ខ្លួន) អង្គរក្សទាំងហ្នឹង ហើយអង្គរក្សទាំងនោះ មិនមែនក្របខណ្ឌ (រដ្ឋ)អ្វីទេ គ្រាន់តែសន្តិសុខឯកជនទេ តែកាត់ខោអាវជាអង្គរក្សឱ្យពាក់”

លោកស្នងការ ស ថេត បន្ថែមថា “ទោះបីយ៉ាងណាក៏ដោយ តដៃជាមួយសមត្ថកិច្ច ដែលកំពុងអនុវត្ត (ច្បាប់) យើងយកមកដើម្បីអនុវត្តតាមច្បាប់ ដើម្បីកសាងសំណុំទៅតុលាការដើម្បីអនុវត្តច្បាប់ ។ សំខាន់គឺដីក្រុមហ៊ុនពិភពដីមាស គឺដូចគ្នានៅកំពត ។ យើងមិនអាចឱ្យទុកធ្វើព្យុះធ្វើភ្លៀង ជាមួយប្រជាពលរដ្ឋបានទេ ។ អ្វីដែលខុសអនុវត្តតាមច្បាប់ អ្វីដែលត្រូវ លើកតម្កើងនិងធ្វើការកោតសរសើរ” ។

សូមបញ្ជាក់ថា ការឃាត់ខ្លួននេះ គឺនៅភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ក្រោយផ្ទុះអាវុធ ជាមួយសមត្ថកិច្ចចុះអនុវត្តដីការ របស់តុលាការ៕
ដោយ៖ សយ សុភា

To Top