ភ្នំពេញ ៖ សហភាពអឺរ៉ុប (EU) បានក្លាយជាដៃគូពាណិជ្ជកម្មធំ ជាងគេទី៥ របស់កម្ពុជា និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញា ផ្តល់ទឹកប្រាក់ប្រមាណ ១,៤៣ប៊ីលានអឺរ៉ូ ក្នុងការគាំទ្រដល់កម្ពុជា ដូចបានលើកឡើងនៅក្នុង «យុទ្ធសាស្ត្រអភិវឌ្ឍន៍អឺរ៉ុបរួម ឆ្នាំ២០២១-២០២៧» ។
ការបញ្ជាក់នេះធ្វើឡើង ក្នុងជំនួបរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោកស្រី Carmen MORENO ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជាចប់អាណត្តិ នាថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៣ ។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់អំពីការរីកចម្រើន យ៉ាងច្រើននៃទំនាក់ទំនងកម្ពុជា-សហភាពអឺរ៉ុប ក្នុងរយៈពេលបួនឆ្នាំកន្លងមកនេះ ជាពិសេសក្នុងបរិបទដ៏ស្មុគស្មាញ នៃការរាតត្បាតជំងឺកូវីដ១៩ ។ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណ ចំពោះ កិច្ចខិតខំប្រឹងប្រែងសហការ របស់សហភាពអឺរ៉ុប ក្នុងការជួយស្តារប្រទេសកម្ពុជា ឡើងវិញក្រោយពីសង្គ្រាម ។
ទន្ទឹមនឹងការកត់សម្គាល់អំពីទស្សនៈផ្សេងគ្នាលើកិច្ចការ ជាក់លាក់មួយចំនួន ភាគីទាំងពីរបានសម្តែង នូវការពេញចិត្ត ចំពោះការវិវត្ត គួរឲ្យកត់សម្គាល់នាពេលថ្មីៗនេះ ក្នុងកិច្ចសហប្រតិបត្តិការកម្ពុជា-សហភាពអឺរ៉ុប រួមទាំងកិច្ចសន្ទនាកម្រិត ខ្ពស់ញឹកញាប់ដែលបានលើក កម្ពស់ការយល់ដឹងប្រសើរ។
សហភាពអឺរ៉ុប បានក្លាយជា ដៃគូពាណិជ្ជកម្មធំជាងគេទីប្រាំរបស់កម្ពុជា និងបានបញ្ជាក់ជាថ្មីនូវការ ប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ប្រមាណ ១,៤៣ប៊ីលានអឺរ៉ូ ក្នុងការគាំទ្រដល់កម្ពុជា ដូចបានលើកឡើងនៅក្នុង «យុទ្ធសាស្ត្រអភិវឌ្ឍន៍អឺរ៉ុបរួម ឆ្នាំ២០២១-២០២៧»។ បន្ថែមលើនេះ ភាគីទាំងពីរទន្ទឹង រង់ចាំចូល រួមកិច្ចប្រជុំលើកទី១២ នៃគណៈកម្មាធិការ ចម្រុះកម្ពុជា-សហភាពអឺរ៉ុប ដែលនឹងប្រព្រឹត្តទៅ នៅទីក្រុងព្រុចសែល ក្នុងឆ្នាំនេះ ដើម្បីដាក់ចេញនូវផែនការ សកម្មភាព សំដៅពង្រឹងបន្ថែមទៀត នូវកិច្ចសហការពហុវិស័យ។
លោកស្រីទូត MORENO បានកោតសរសើរ ដល់ភាពប៉ិនប្រសប់របស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ពេញមួយឆ្នាំ២០២២ រួមទាំងកិច្ចប្រជុំកំពូលរំលឹក ខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ប្រកបដោយជោគជ័យ ដែលបានប្រព្រឹត្តទៅ កាលពីខែធ្នូ ឆ្នាំ២០២២ កន្លងទៅ ៕