ព័ត៌មានអន្តរជាតិ

Update: ថៃ បំបែកភាពជាប់គាំង នយោបាយជិត ១០០ថ្ងៃ ដោយបេក្ខជនមកពីបក្សភឿថៃ ក្លាយនាយករដ្ឋមន្ត្រីទី៣០

រូបភាពពី៖​ AFP

បរទេស៖ បំបែកភាពជាប់គាំងនយោបាយដែលមានរយៈពេលជិត ១០០ ថ្ងៃ បេក្ខជននាយករដ្ឋមន្ត្រី នៃគណបក្សភឿថៃ លោក ស្រែថា ថាវីស៊ីន បានទទួលជោគជ័យក្នុងការក្លាយជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសថៃហើយ។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ស្រែថា ត្រូវ​បាន​ស្នើ​ឡើង​ដោយ​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​គណបក្ស​ភឿ​ថៃ​ ដែល​មាន​គណបក្ស​ចំនួន ១១ ដែល​រួម​គ្នា​មាន​អាសនៈ​ភាគច្រើន​ក្នុង​សភា​ជាន់​ទាប​ដែល​មាន​ ៣១៤ អាសនៈ។ ការ​បែង​ចែក​តំណែង​រដ្ឋមន្ត្រី​ត្រូវ​បាន​ធ្វើ​ឡើង​មុន​ការ​បោះឆ្នោត​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​ថ្ងៃ​នេះ។

បន្ទាប់ពីឡើងកាន់តំណែង រដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃបានសន្យាថា នឹងដាក់របៀបវារៈសម្រាប់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបច្ចុប្បន្ននៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងរបស់ខ្លួន។ គណបក្សបានអះអាងថា រធម្មនុញ្ញឆ្នាំ ២០១៧ គឺជាបញ្ហាបច្ចុប្បន្នរបស់ប្រទេសថៃ។

សូមជម្រាបថា នៅថ្ងៃទី២២ សីហានេះដែរ អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា បានទៅដល់ប្រទេសថៃ បន្ទាប់ពីបានចំណាយពេល ១៥ឆ្នាំ រស់នៅនិរទេសខ្លួនឯង៕ ប្រែសម្រួលៈ ណៃ តុលា

To Top