បរទេស៖ លោក Oscar Puente រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់ប្រទេសអេស្ប៉ាញ បានប្រកាសលាលែងពីតំណែងកាលពីថ្ងៃអង្គារ ពាក់ព័ន្ធនឹងគ្រោះថ្នាក់រថភ្លើងដ៏សាហាវកាលពីសប្តាហ៍មុន ដែលជាហេតុការណ៍លើកទីពីរហើយនៅក្នុងឆ្នាំនេះ។ ការប្រកាសលាលែងពីតំណែងនេះធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកបានបង្ហាញអំពីកញ្ចប់ជំនួយសង្គ្រោះបន្ទាន់របស់រដ្ឋាភិបាលសម្រាប់ជនរងគ្រោះ ព្រមទាំងវិធានការសុវត្ថិភាពថ្មីៗ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ថា លោកបានថ្លែងទៅកាន់សមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍ ដែលជាស្ថាប័នបំពេញការងារជំនួសសភាក្នុងអំឡុងពេលដែលសភាត្រូវបានរំលាយថា «រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៅក្នុងប្រទេសមួយដូចជាអេស្ប៉ាញ មិនអាចបន្តកាន់តំណែងបានឡើយ នៅពេលដែលមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ទៅពីរលើកក្នុងរយៈពេលមិនដល់មួយឆ្នាំផងនោះ»។ លោកបានលើកឡើងបែបនេះ ជិតមួយសប្តាហ៍បន្ទាប់ពីគ្រោះថ្នាក់កាលពីថ្ងៃទី ២៨ ខែតុលា ដែលបានបណ្តាលឱ្យមនុស្ស ៦៩ នាក់ស្លាប់ នៅជិតទីក្រុង Urda ក្នុងតំបន់កណ្តាលនៃប្រទេសអេស្ប៉ាញ។
ការចាកចេញពីតំណែងរបស់លោកកើតឡើងនៅរយៈពេលមិនដល់ ៤ សប្តាហ៍ទៀតប៉ុណ្ណោះ មុនពេលការបោះឆ្នោតសភាមុនអាណត្តិ ដែលនាយករដ្ឋមន្ត្រី Pedro Sanchez បានកំណត់យកថ្ងៃទី ២៩ ខែវិច្ឆិកា។ ព្រឹត្តិការណ៍នេះកើតឡើងបន្ទាប់ពីមានគ្រោះថ្នាក់រថភ្លើងដ៏សាហាវចំនួនពីរលើកនៅលើខ្សែរថភ្លើងដដែលនេះ ក្នុងឆ្នាំដដែល។
លោក Sanchez បានសរសើរលោក Puente តាមរយៈការបង្ហោះសារមួយនៅលើបណ្តាញសង្គម X ដោយថ្លែងអំណរគុណចំពោះការងាររបស់លោក និងបានលើកឡើងថា រដ្ឋមន្ត្រីរូបនេះបានផ្តល់អាទិភាពដល់ជនរងគ្រោះជាចម្បង ហើយបានធ្វើសកម្មភាពដោយផ្អែកលើស្មារតីទទួលខុសត្រូវផ្នែកនយោបាយ។
ប្រែសម្រួលៈ តុលា
