ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានវាយតម្លៃថា សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ធ្វើបានល្អ ជាងការគិតទុក របស់សម្តេចទៅទៀត ។
ការវាយតម្លៃខាងលើនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ចេញតាមរយៈគណនីតេឡេក្រាមរបស់សម្តេច នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ខណៈដែលសម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ។
សម្តេចតេជោ បានលើកឡើងថា “ត្រូវលោតទៅក្នុងទឹកទើបចេះហែលទឹក។ ខ្ញំកំពុងតាមសង្កេតមើលសកម្មភាពរបស់នាយករដ្ឋមន្ត្រីថ្មី ទាំងការងារក្នុងប្រទេស និងការងារក្រៅប្រទេស” ។
សម្តេចសង្កត់ធ្ងន់ថា “ដោយធ្លាប់អនុវត្តផ្ទាល់ លើមុខដំណែងជានាយករដ្ឋមន្ត្រី អស់រយៈពេលជាង៣៨ឆ្នាំ ខ្ញុំអាចនិយាយបានថា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើបានល្អជាងការគិតទុករបស់ខ្ញុំទៅទៀត”។
ក្នុងនោះសម្តេចតេជោបញ្ជាក់ថា “មិនមែននិយាយលើកសរសើរកូនខ្លួនឯងនោះទេ មុននេះខ្ញុំគិតថា ត្រូវប្រើពេលប្រមាណ៣ខែទើប នាយករដ្ឋមន្ត្រីថ្មី អាចគ្រប់គ្រង លើការងារបានទាំងស្រុង ។ ផ្ទុយពីការគិតរបស់ខ្ញុំ នាយករដ្ឋមន្ត្រីរូបនេះចេញដំណើរ ដោយការជឿជាក់គ្រប់គ្រង បានសភាពការលើគ្រប់ផ្នែក ទាំងតូចទាំងធំក្នុងប្រទេស និងឈានទៅសម្រេចបាន នូវកិច្ចការបរទេស តាមរយៈវេទិកាអាស៊ាន និងដៃគូ និងដំណើរទស្សនកិច្ចផ្លូវការ លើកដំបូង ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃនេះនិងត្រៀមខ្លួនចេញដំណើរ ទៅចូលរួមមហាសន្និបាត អង្គការសហប្រជាជាតិ នាសប្តាហ៍ក្រោយ” ។
ជាងនេះ សម្តេចតេជោ មានប្រសាសន៍ទៀតថា “កូននាគរាជ ច្បាស់ជាមិនក្លាយទៅកូនកង្កែបនោះឡើយ” ៕