ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានលើកឡើងថា មន្ត្រីដែលមានសីលធម៌ និងសេចក្តីថ្លៃថ្នូរ ទៅទីណា កន្លែងណា ក៏មិនខ្វះសាច់ញាតិ និងមិនខ្វះអ្នកគោរព រាប់អានដែរ។

ក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូននាយនគរបាលជាតិថ្នាក់ឧត្តមសេនីយ៍ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ស ថេត បានណែនាំថា ចំពោះមន្ត្រី ដែលត្រូវបានតែងតាំង និងបំពាក់ឋានន្តរស័ក្តិ នាពេលនេះ ត្រូវប្តេជ្ញាចិត្តបំពេញភារកិច្ចឱ្យបានស្មោះត្រង់ និងហ្មត់ចត់បំផុត ចំពោះតួនាទី ដែលបានបែងចែកប្រគល់ជូន។
នាយឧត្តមសេនីយ៍ ស ថេត បានបន្ថែមថា ទាល់តែមានការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធ ទើបការអនុវត្តការងារប្រចាំថ្ងៃ ទទួលបានជោគជ័យ ប្រកប ដោយប្រសិទ្ធភាព ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ត្រូវមានការបន្ទន់ឥរិយាបថ គ្រប់កាលៈទេសៈ ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទប្រកបដោយភាពថ្លៃថ្នូរល្អ ។ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ ទាំងអស់ ត្រូវមានភាពស្មោះត្រង់នឹងវិជ្ជាជីវៈ សីលធម៌ និងសេចក្តីថ្លៃថ្នូរ ជាប់ជាប្រចាំ និងត្រូវចូលរួមការពារសន្តិសុខ ជូនជាតិ និងប្រជាពរដ្ឋឱ្យបានល្អ ត្រូវធ្វើខ្លួនជាខ្នងបង្អែក សម្រាប់ប្រជាពលរដ្ឋ ប្រកបដោយភាពកក់ក្តៅ ។

នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ថា «មន្ត្រីដែលមានសីលធម៌ និងសេចក្តីថ្លៃថ្នូរ ទៅទីណាកន្លែងណា ក៏មិនខ្វះញ្ញាតិ និងមិនខ្វះគេគោរពរាប់អានដែរ ។ ក្រសួងមហាផ្ទៃ ក៏មានតួនាទីភារកិច្ចសំខាន់ក្នុងការងារ បង្ក្រាប និងទប់ស្កាត់បញ្ហា គ្រឿងញៀន ដូច្នេះមន្ត្រីនគរបាលជាតិ ទាំងអស់ ដែលជាអ្នកអនុវត្តច្បាប់ ត្រូវតែយកចិត្តទុកដាក់ដោះស្រាយ ជាមួយបញ្ហាគ្រឿងញៀននេះឱ្យបានជាដាច់ខាត ដើម្បីធ្វើយ៉ាងណាពង្រឹង នូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យកាន់តែមានភាពល្អប្រសើរ ជាពិសេសការពារ ឱ្យបានដាច់ខាត ចំពោះសន្តិភាព ដែលប្រទេសកម្ពុជា កំពុងមាន ដើម្បីបង្ហាញឱ្យឃើញពីសន្តិសុខ និងសន្តិភាពនៅក្នុងកម្ពុជា ទៅដល់វិនិយោគិនបរទេសនានា ដើម្បីកៀងគរវិនិយោគិនទាំងអស់នោះ មកបណ្តាក់ទុននៅប្រទេសកម្ពុជា»។
លើសពីនេះ នាយឧត្តមសេនីយ៍ ស ថេត បានសង្កត់ធ្ងន់ថា មន្ត្រីនគរបាលជាតិ ត្រូវរៀបចំនូវផែនការការពារ ថែរក្សាសន្តិសុខក្នុងព្រឹត្តិការណ៍បុណ្យអ៊ុទូកខាងមុខ ឱ្យបានគ្រប់គោលដៅ ធ្វើយ៉ាងណាធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ និងជាពិសេស ជាការរំពឹងទុក ចំពោះទេសចរណ៍បរទេស និងមានការហូរចូលមកកាន់ ប្រទេសកម្ពុជា ដូច្នេះ សមត្ថកិច្ចនគរបាលជាតិ មានតួនាទីភារកិច្ចសំខាន់ ក្នុងការការពារសន្តិសុខ និងធានាការអនុវត្តច្បាប់ ឱ្យបានហ្មត់ចត់ ។

ក្រៅពីនេះ នាយឧត្តមសេនីយ៍ អគ្គស្នងការដ្ឋាន នគរបាលជាតិ ក៏បានណែនាំឱ្យមន្ត្រីនគរបាលជាតិគ្រប់ជាន់ថ្នាក់ ត្រូវទទួលលខុសត្រូវឱ្យបានខ្ពស់លើការងារប្រយុទ្ធប្រឆាំង នឹងបទល្មើសគ្រប់ប្រភេទ ជាពិសសេ បទល្មើសបច្ចេកវិទ្យា ជាបទល្មើសមានភាពស្មុគស្មាញ ៕
