ព័ត៌មានអន្តរជាតិ

ចិន ជំរុញ​ឱ្យ​អាមេរិក បញ្ឈប់​ការលក់​អាវុធ​ ទៅកាន់កោះតៃវ៉ាន់​

Credit: ChenHao_Kuo via Shutterstock

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈនេះ បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការលក់អាវុធ និងទំនាក់ទំនងយោធាជាមួយនោះតៃវ៉ាន់។

យោងតាមរបាយការណ៍ ក្រសួងការពារជាតិអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានយល់ព្រមលើការលក់ប្រព័ន្ធ តភ្ជាប់ទិន្នន័យយុទ្ធសាស្ត្រកម្រិតខ្ពស់តម្លៃ ៧៥លានដុល្លារ ទៅកាន់កោះតៃវ៉ាន់។

ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បានប្រាប់សន្និសីទសារព័ត៌មានថា ការលក់សព្វាវុធរបស់សហរដ្ឋអាមេរិក ទៅកាន់តំបន់តៃវ៉ាន់ របស់ប្រទេសចិន បានបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងបទប្បញ្ញត្តិទាំងបីនៃសេចក្តីថ្លែងការណ៍រួមរបស់ចិន-អាមេរិក ជាពិសេសសេចក្តីថ្លែងការណ៍ថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៨២។

លោកស្រីបានលើកឡើងថា “ការលក់បែបនេះធ្វើឱ្យខូចដល់អធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ចិន ហើយធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនង ចិន-អាមេរិក សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់” ដោយកត់សម្គាល់ថា ប្រទេសចិន ប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះរឿងនេះ។

លោកស្រីបន្ដថា ប្រទេសចិន ជំរុញឱ្យសហរដ្ឋអាមេរិក គោរពតាមគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួម ចិន-អាមេរិកទាំង៣ បញ្ឈប់ការលក់អាវុធទៅឱ្យ និងទំនាក់ទំនងយោធាជាមួយតៃវ៉ាន់ និងបញ្ឈប់ការបង្កើតកត្តា ដែលអាចបង្កើនភាពតានតឹង នៅក្នុងច្រកសមុទ្រតៃវ៉ាន់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top