ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេសថៃ នឹងបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា នាថ្ងៃ២៧ មិថុនា

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ លោក ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ នឹងអញ្ជើញបំពេញ ទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃ២៧ មិថុនា ខាងមុខ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃ២៤ មិថុនា នេះបានឲ្យដឹងថា ក្នុងអំឡុងពេល ទស្សនកិច្ច លោក ម៉ារីត សាងៀមផុង្ស នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

លោក ម៉ារីត សាងៀមផុង្ស ក៏នឹងជួបពិភាក្សាទ្វេភាគី ជាមួយ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ដែលក្នុងឱកាស នោះរដ្ឋមន្ត្រីការបរទេសទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈអំពីមធ្យោបាយនានា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ព្រមទាំងរិះរកវិធីសាស្ត្រនានា ដើម្បីពង្រីកកិច្ចសហ ប្រតិបត្តិការបន្ទាប់ពីប្រទេសទាំងពីរ បានតម្លើងកម្រិតទំនាក់ទំនងទ្វេភាគី ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ កាលពីខែកុម្ភៈ ឆ្នាំ២០២៤។

ភាគីទាំងពីរ ក៏រំពឹងនឹងពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាប្រយោជន៍ និងក្តីកង្វល់រួម៕

To Top