បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានរិះគន់ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ទៅកាន់ប្រទេសរុស្ស៊ី ដោយលោកបានហៅ ទស្សនកិច្ចនេះថា ជាការបំផ្លាញមកលើកិច្ច ខិតខំប្រឹងប្រែង ដើម្បីសន្តិភាព នៅចំថ្ងៃតែមួយនឹងការ វាយប្រហារ ដោយមីស៊ីលរុស្ស៊ីដ៏ខ្លាំងក្លា។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Zelenskiy បាននិយាយនៅក្នុងសារបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម X ថា “វាជាការខកចិត្តដ៏ធំ និងជាការបំផ្លិចបំផ្លាញ ដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីសន្តិភាព ក្នុងការឃើញមេដឹកនាំ នៃលទ្ធិប្រជាធិបតេយ្យដ៏ធំបំផុត របស់ពិភពលោក ឱបគ្នាជាមួយឧក្រិដ្ឋជន បង្ហូរឈាមបំផុត របស់ពិភពលោកនៅទីក្រុងមូស្គូនៅថ្ងៃនេះ” ។
ការបង្ហោះរបស់លោក Zelenskiy ក៏រួមមានរូបថត នៃការវាយប្រហារ ដោយមីស៊ីល របស់រុស្ស៊ី ដែលបានវាយប្រហារ មន្ទីរពេទ្យ កុមារក្នុងទីក្រុង Kyiv ហើយបានសម្លាប់មនុស្សជាច្រើននាក់។
ការអត្ថាធិប្បាយរបស់លោក Zelenskiy បានធ្វើឡើងនៅថ្ងៃទីពីរនៃដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់នាយករដ្ឋមន្ត្រី Narendra Modi ទៅកាន់ទីក្រុងមូស្គូ ដែលជាដំណើរដែលបញ្ជាក់ ពីទំនាក់ទំនងដ៏យូរលង់រវាងប្រទេសទាំងពីរ ប៉ុន្តែវាបានទាក់ទាញការព្រួយ បារម្ភពីសហរដ្ឋអាមេរិក ដែលបានស្វែង រកភាពឯកោ ដាក់លើរុស្ស៊ី សម្រាប់ការឈ្លានពាន អ៊ុយក្រែន៕
ប្រែសម្រួលៈ ណៃ តុលា