បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលនៃប្រទេសអាមេរិកនិងអាល្លឺម៉ង់ បានប្រកាសថា សហរដ្ឋអាមេរិកនឹងដាក់ពង្រាយមីស៊ីល រយៈចម្ងាយឆ្ងាយនៅក្នុងប្រទេសអាល្លឺម៉ង់ ចាប់ពីឆ្នាំ២០២៦ តទៅ។
ប្រភពដដែលបានសរសេរទៀតថា សព្វាវុធទាំងនេះ រួមទាំងប្រព័ន្ធ SM-6 និង Tomahawk ដែលជាប្រភេទត្រូវបានហាមប្រាមនៅលើទ្វីបនេះ រហូតដល់ទីក្រុងវ៉ាស៊ីនតោន លុបចោលសន្ធិសញ្ញាសម័យសង្រ្គាមត្រជាក់ នៅឆ្នាំ២០១៩កន្លងមកនេះ។
យោងតាមសេចក្តីថ្លែងការណ៍រួម ដែលចេញផ្សាយដោយសេតវិមាន សហរដ្ឋអាមេរិកនឹង “ចាប់ផ្តើមការដាក់ពង្រាយអាវុធទាំងនេះ ទៅតាមដំណាក់កាល និងដើម្បីឲ្យសម្រេចបានទៅតាមផែនការដែលជាផ្នែកមួយ នៃផែនការសម្រាប់ការបន្តឈរជើងនៃ សមត្ថភាពអាវុធទាំងនេះនាពេលអនាគត។
គួរឲ្យដឹងដែរថាសេចក្តីថ្លែងការណ៍នេះ ត្រូវបានចេញផ្សាយបន្ទាប់ពី កិច្ចពិភាក្សារវាងមន្ត្រីអាមេរិក និងអាល្លឺម៉ង់នៅឯកិច្ចប្រជុំកំពូលប្រចាំឆ្នាំ របស់អង្គការណាតូក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធក្នុងសប្តាហ៍នេះ។
ប្រព័ន្ធសព្វាវុធដែលដាក់ពង្រាយ ទៅកាន់ប្រទេសអាល្លឺម៉ង់រួមមាន មីស៊ីលប្រឆាំងអាកាស SM-6 ដែលអាចបាញ់ក្នុងចម្ងាយរហូតដល់ ៤៦០ គីឡូម៉ែត្រ និងមីស៊ីល Tomahawk ដែលអាចវាយប្រហារគោលដៅបានចម្ងាយជាង ២៥០០ គីឡូម៉ែត្រផង៕
ប្រែសម្រួល៖ ស៊ុន លី