បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT សហរដ្ឋអាមេរិក បានបញ្ជាឱ្យដាក់ពង្រាយ ប្រព័ន្ធការពារដែនអាកាស THAAD ទៅកាន់ប្រទេស អ៊ីស្រាអែល រួមជាមួយនឹងកងម្លាំង យោធាអាមេរិកមួយក្រុម ដើម្បីប្រតិបត្តិការអាវុធ ប្រភេទនេះផងដែរ។
ចំណាត់ការនេះ គឺ ជាការដាក់ពង្រាយកង ទ័ពប្រយុទ្ធអាមេរិក លើកដំបូងនៅ លើទឹកដីអ៊ីស្រាអែល ចាប់តាំងពីសង្គ្រាម អ៊ីស្រាអែល និងក្រុមហាម៉ាស់បានចាប់ផ្តើមកាលពីឆ្នាំមុន។
យោងតាមមន្ត្រីជាន់ខ្ពស់ របស់មន្ទីរប៉ង់តាហ្គោន បានអះអាងដែរថាTHAAD និងក្រុមការងារដែលពាក់ព័ន្ធ នៃបុគ្គលិកយោធា អាមេរិក នឹង ត្រូវឈរជើងក្នុងប្រទេសអ៊ីស្រាអែល ដើម្បីជួយពង្រឹង ការការពារ ដែនអាកាស របស់អ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារ ដែលមិនធ្លាប់មានពីមុនមក របស់អ៊ីរ៉ង់ប្រឆាំង នឹងអ៊ីស្រាអែលនៅថ្ងៃទី១៣ ខែមេសា និងម្តងទៀតនៅថ្ងៃទី១ខែតុលា។
ប្រភពដដែលបាន និយាយទៀតថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដែលសេតវិមានបាន និយាយកាលពីមុនថា មិនមានផែនការ ឬចេតនា ដើម្បីដាក់ស្បែកជើងកវែង របស់សហរដ្ឋអាមេរិក នៅលើដីក្នុងការ ប្រយុទ្ធទេ នោះក៏ជាអ្នកដែលបានចេញ បញ្ជាដោយផ្ទាល់ សម្រាប់ការដាក់ពង្រាយលើកនេះដែរ ។
គួរឲ្យដឹងដែរTHAAD គឺជាប្រព័ន្ធការពារតំបន់ រយៈកម្ពស់ខ្ពស់ឬTerminal High Altitude Area Defense syste។វាគឺជាប្រព័ន្ធមីស៊ីលប្រឆាំងមីស៊ីលចល័ត ដែលត្រូវបានរចនាឡើងដើម្បីចាប់ និងស្ទាក់ចាប់មីស៊ីលផ្លោង ក្នុងអំឡុងពេលដំណាក់ កាលធ្លាក់ចុះមកដី។
THAAD នីមួយៗ ចាំបាច់ត្រូវមានទាហាន ៩៥ នាក់ និងឧបករណ៍បាញ់បង្ហោះលើឡានចំនួន ៦ ដែលមានសមត្ថភាពបាញ់ ស្ទាក់ចាប់បានសរុប ៤៨ គ្រឿង៕
ប្រែសម្រួល៖ស៊ុនលី