ព័ត៌មានអន្តរជាតិ

រុស្ស៊ី​ព្រមាន​អ៊ីស្រាអែល​ កុំឱ្យ​វាយប្រហារ​ទីតាំង ​នុយក្លេអ៊ែរ​របស់អ៊ីរ៉ង់

RT News

បរទេស៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Ryabkov បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយ ទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែលត្រូវតែបដិសេធមិនពិចារណា សូម្បីតែជម្រើសនៃការវាយលុក លើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរអ៊ីរ៉ង់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ភាពតានតឹងរវាងទីក្រុងតេហេរ៉ង់ និងក្រុងហ្សេរុយសាឡឹមខាងលិច បានកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ចាប់តាំងពីអ៊ីរ៉ង់បានបាញ់មីស៊ីលជិត ២០០ គ្រាប់ ទៅលើទឹកដីអ៊ីស្រាអែលកាលពីថ្ងៃទី១  ខែតុលា។ អ៊ីរ៉ង់បាននិយាយថា ការវាយប្រហារនេះត្រូវបានធ្វើឡើង នៅក្នុងការសងសឹកចំពោះការ សម្លាប់មេដឹកនាំក្រុមហាម៉ាស់ និងក្រុមហេសបូឡា ក៏ដូចជាកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ទូទៅកាលពីខែមុន។

ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបានប្តេជ្ញានូវការឆ្លើយតប ដោយកំណត់ពីការ  “ស្លាប់ កំណត់ច្បាស់លាស់ និងជាការសងសឹកគួរឱ្យភ្ញាក់ផ្អើល” ចំពោះការវាយប្រហារ ដោយសមាជិកសភាអ៊ីស្រាអែល បានអំពាវនាវឱ្យមានការវាយប្រហារបំផ្លិចបំផ្លាញ លើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ទីក្រុង តេហេរ៉ង់ រួមទាំងកន្លែងនុយក្លេអ៊ែរផងដែរ។ របាយការណ៍របស់សារព័ត៌មាន ABC News កាលពីថ្ងៃព្រហស្បតិ៍ ក៏បានអះអាងផងដែរថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចុះហត្ថលេខារួចហើយលើការកំណត់គោលដៅ សម្រាប់ការឆ្លើយតបរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) ។

លោក Ryabkov បានសង្កត់ធ្ងន់ថា ការវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់នឹងជា “មហន្តរាយ” ហើយបាននិយាយថា រុស្ស៊ីបាន “ព្រមានម្តងហើយម្តងទៀត និងបន្តការប្រុងប្រយ័ត្នសម្រាប់អ៊ីស្រាអែល ប្រឆាំងនឹងការពិចារណាដោយសម្មតិកម្មអំពីលទ្ធភាព” នៃការវាយប្រហារបែបនេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top