ព័ត៌មានអន្តរជាតិ

មីស៊ីលមួយគ្រាប់ ដែលកូរ៉េខាងជើង បាញ់សាកល្បងនៅព្រឹកនេះ ទំនងជាប្រភេទមីស៊ីលផ្លោងអន្ដរទ្វីប

Kyodo

តូក្យូ៖ ប្រទេសកូរ៉េខាងជើងបាន បាញ់មីស៊ីលផ្លោងមួយគ្រាប់ ឆ្ពោះទៅសមុទ្រជប៉ុន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយរដ្ឋាភិបាលជប៉ុនបានវាយតម្លៃថា វាជាប្រភេទមីស៊ីលផ្លោងអន្តរទ្វីប និងបានបាញ់លើគន្លងដ៏ខ្ពស់មួយ។

ក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា កាំជ្រួចនេះត្រូវបានបាញ់ចេញពីភាគឦសាន ពីប្រទេសកូរ៉េខាងជើងនៅម៉ោងប្រហែល ៧ និង ១១នាទី ព្រឹក ហើយបានធ្លាក់នៅម៉ោងប្រហែល ៨ និង ៣៧នាទីព្រឹកនៅខាងក្រៅតំបន់សេដ្ឋកិច្ច ផ្តាច់មុខរបស់ប្រទេសជប៉ុន នៅភាគខាងលិចនៃកោះ Okushiri របស់ប្រជុំកោះហុកកៃដូ ដែលធ្វើឱ្យវាក្លាយជាពេលវេលាហោះហើរវែងបំផុត មិនធ្លាប់មានសម្រាប់មីស៊ីលផ្លោងរបស់កូរ៉េខាងជើង។

រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Gen Nakatani បានប្រាប់អ្នកយកព័ត៌មានថា “ការអភិវឌ្ឍន៍មីស៊ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង គំរាមកំហែងដល់សន្តិភាព និងសុវត្ថិភាពរបស់ប្រទេសយើង និងសហគមន៍អន្តរជាតិ ដូច្នេះពួកគេមិនអាចទទួលយកបានទាំងស្រុង” ។ 

គ្រាប់មីស៊ីលនេះ​មាន​រយៈ​ពេល ៨៦នាទី ​នៃ​ការ​ហោះ​ហើរ​បាន​ឡើង​ដល់​រយៈ​កម្ពស់ ៧០០០ គីឡូម៉ែត្រ និង​ធ្វើ​ដំណើរ​បាន​ចម្ងាយ​ប្រហែល ១០០០ គីឡូម៉ែត្រ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

សហរដ្ឋអាមេរិកបានឲ្យដឹងថា ខ្លួនថ្កោលទោសយ៉ាងខ្លាំង ចំពោះការសាកល្បងមីស៊ីល ICBM របស់កូរ៉េខាងជើង ដោយបានហៅវាថាជា “ការរំលោភបំពាន” លើដំណោះស្រាយជាច្រើន របស់អង្គការសហប្រជាជាតិ។

ខណៈពេលដែលមិនមាន ការគំរាមកំហែងភ្លាមៗចំពោះសហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តរបស់ខ្លួន សេតវិមានបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ការបាញ់បង្ហោះបានបង្កើនភាពតានតឹង និងហានិភ័យ ដែលធ្វើឱ្យមានអស្ថិរភាពដល់ ស្ថានភាពសន្តិសុខនៅក្នុងតំបន់ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top