ភ្នំពេញ៖ លោក យិន លាងគង់ សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ សារព័ត៌មានអនឡាញ ផ្នែកអចលនទ្រព្យឈានមុខគេនៅកម្ពុជា Propertyarea.asia បានស្នើអ្នកឧកញ៉ា ចេន ហ្សី ប្រធានអគ្គនាយកក្រុមហ៊ុន Prince Real estate Group ពិនិត្យការងារបុគ្គលិករបស់ខ្លួន ដែលបានលក់ខុនដូ ដល់អតិថិជន ដោយប្រើប្រាស់ស្តង់ដាចំនួន២។
អ្នកបានទិញខុនដូរបស់ក្រុមហ៊ុន Prince Real estate របស់អ្នកឧកញ៉ា ចេន ហ្ស៊ី បានរងគ្រោះជាច្រើន បានផ្ញើរសារមកកាន់គេហទំព័រ Propertyarea.asia ដោយសារពួកគេ ត្រូវបានបុគ្គលិកក្រុមហ៊ុននេះ និងក្រុមហ៊ុន ដែលជាដៃគូលក់មួយចំនួន របស់ក្រុមហ៊ុន Prince Real estate បានដំឡើងតម្លៃខុសពីគោលការណ៍ របស់ក្រុមហ៊ុន ដើម្បីទទួលបានកម្រៃជើងសារខ្ពស់។
លោក យិន លាងគង់ សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia &Cambodiafinancialtimes.com បានក្លាយជាជនរងគ្រោះម្នាក់ ក្នុងចំណោមជនរងគ្រោះជាច្រើន ដោយសារជឿទុកចិត្តភ្នាក់ងារ ដែលជាដៃគូ របស់ក្រុមហ៊ុននេះ។
លោក យិន លាងគង់ បានទិញខុនដូក្នុងគំរោង Prince Happiness Plaza យូនីតខុនដូនៅជាន់៣២ ជាជាន់សម្រាប់ធ្វើការិយាល័យ។ លោកបានទិញខុនដូ ស្ថិតនៅយូនីតលេខ2-32-10 ក្នុងតម្លៃ៨០,៧៧៨ដុល្លារអាមេរិក។ ការទិញខុនដូនេះ ក្នុងគោលដៅសំរាប់ធ្វើការិយាល័យ របស់ក្រុមហ៊ុន និងបានបង់ប្រាក់ អស់ចំនួន២៤,២៣២ដុល្លារអាមេរិករួចហើយ ប៉ុន្តែបច្ចុប្បន្នយូនីតនោះ ត្រូវបានក្រុមហ៊ុនរឹបអូសយក បន្ទាប់ពីខកខានបង់ប្រាក់ អស់រយៈពេលជាច្រើនខែ ។
ការលក់ខុនដូរបស់បុគ្គលិក ក្រុមហ៊ុន Prince Real Estate មួយចំនួន ពួកគេបានសហការ ជាមួយក្រុមហ៊ុនភ្នាក់ងារ មិនគោរពក្រមវិជ្ជាជីវៈមួយចំនួន ដោយបានដាក់តម្លៃ ខុសស្តង់ដាកំណត់ របស់ក្រុមហ៊ុន ដែលបញ្ហានេះ បានបង្កការខកចិត្ត និងបង្ហាញពីភាពគ្មានមូលដ្ឋានវិជ្ជាជីវៈ របស់បុគ្គលិកក្រុមហ៊ុនលំដាប់យក្សនេះផងដែរ។
ការងារតូចតាចនេះ បាននិងកំពុងធ្វើឲ្យប៉ះពាល់ ដល់មុខមាត់អ្នកឧកញ៉ា ចេន ហ្ស៊ី បន្ថែមទៀត ដែលការពិតអ្នកឧកញ៉ា បានធ្វើការងារយ៉ាងល្អ ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកម្ពុជា។
ហេតុអ្វីបានជាលោកដឹងថា ក្រុមហ៊ុនបានប្រើប្រាស់ស្តង់ដាចំនួន២ ដល់អតិថិជន លោក យិន លាងគង់ បានពន្យល់ថា នៅថ្ងៃទី១៤ កញ្ញា ឆ្នាំ២០២៤ កន្លងមកនេះ លោកបានទៅពិនិត្យខុនដូ ជាមួយលោក Valent Chou ដែលជាបុគ្គលិកជាន់ខ្ពស់ របស់ក្រុមហ៊ុន Prince Real Estate នៅគំរោង Prince Happiness Plaza ដោយបានឡើងតាមជណ្តើរប្រអប់ ទៅជាន់ទី៣៧ នៃអាគារទី១ របស់គម្រោងនេះ។
នៅពេលទៅដល់ លោកValent Chou បានណែនាំពីយូនីតខុនដូ ដែលមានឌីសាញបញ្ចប់ បំពាក់សម្ភារៈពេញ មានទំហំក្នុងNet Area ទំហំផ្ទៃក្រឡាជាង៤០ម៉ែត្រការ៉េ និងអាចមើលឃើញ ដល់ទន្លេចតុមុខ ជាមួយទេសភាព១៨០ដឺក្រេ គឺក្រុមហ៊ុនលក់ ត្រឹមតម្លៃជាង៨ម៉ឺនដុល្លារប៉ុណ្ណោះ ដែលវាជាតម្លៃមិនទាន់បានតថ្លៃនៅឡើយ។ យូនីតខុនដូមួយជ្រុងទៀត ដែលអាចគយគន់ទេសភាព ទៅកាន់ភាគខាងជើងរាជធានី និងទន្លេចតុមុខ ក៏មានតម្លៃដូចគ្នាផងដែរ។
លោកយិន លាងគង់ បានលើកជាចម្ងល់ថា តើវាចម្លែកឬទេ ដែលខុនដូខ្ញុំនៅជាន់ទី៣២ ដែលគ្មានអ្វីទាំងអស់ គ្មានទាំងបង្គន់ គ្មានទាំងអំពូលភ្លើង គ្មានការ៉ូ ព្រមទាំងអ្វីៗសព្វបែបយ៉ាង បែរជាមានតម្លៃដូចគ្នា នឹងយូនីត ដែលបានឌីសាញ និងបំពាក់សម្ភារៈពេញទៅវិញ?”។
លោកបន្តថា “តើវាមិនចម្លែកទេឬ? ខ្ញុំពិតជាខកចិត្ត”។
នៅពេលលើកឡើងពីបញ្ហានេះ លោកValent Chou បានសម្តែងការភ្ញាក់ផ្អើល និងបង្ហាញអារម្មណ៍ដូចជា មិនជឿថាលោក យិន លាងគង់ បានទិញក្នុងតម្លៃខាងលើឡើយ ដោយគាត់បានស្នើឲ្យបុគ្គលិក ក្នុងក្រុមហ៊ុននេះ ដែលស្ថិតក្នុងគ្រុបមួយ មានឈ្មោះ PHP 2-32-10 ទម្លាក់SPA ជូនលោក ប៉ុន្តែក្រោយមក លោកValent Chou បានបដិសេធមិនឲ្យទៅវិញ ដោយប្រាប់ថា វាជាកិច្ចការផ្ទៃក្នុង របស់ក្រុមហ៊ុន។
បុគ្គលិកក្រុមហ៊ុននេះ ឈ្មោះ Seling Zheng ដែលនិយាយភាសាខ្មែរច្បាស់ បានបញ្ជាក់ឲ្យដឹង កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤កន្លងមកថា ខុនដូរបស់បង ក្រុមហ៊ុនបានរំលាយកិច្ចសន្យា និងយកត្រលប់មកវិញហើយ។
ការប្រកាសរឹបអូសត្រលប់មកវិញនេះ ធ្វើឡើងរវាងតែក្រុមហ៊ុន និងអតិថិជនរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែបើយោងតាមទិដ្ឋភាពច្បាប់នៅកម្ពុជា ការរំលាយកិច្ចសន្យាអ្វីមួយ ទាល់តែតុលាការទើបមានសិទ្ឋសម្រេច។
ការសម្រេចរឹបអូស ឬរំលាយកិច្ចសន្យានេះធ្វើឡើងផ្ទុយ នឹងការអំពាវនាវ របស់ថ្នាក់ដឹកនាំប្រទេសផងដែរ។
សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ឋសភា និងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវជារឿយៗ ឲ្យអ្នកអភិវឌ្ឍន៍ យោគយល់ដល់អតិថិជនរបស់ខ្លួន ដោយមិនត្រូវរឹបអូស យកផ្ទះរបស់អតិថិជន ឬអ្នកទិញគំរោងរបស់ពួកគេឡើយ។
តើលោកយិន លាងគង់ សំណូមពរអ្វី? លោកបានលើកឡើងថា អ្វីដែលជាសំណូមពររបស់ខ្ញុំ គឺស្នើក្រុមហ៊ុន Prince Real Estate បង់ប្រាក់ចំនួន៥០ភាគរយមកកាន់ខ្ញុំវិញ សម្រាប់ទឹកប្រាក់ដែលលោក បានបង់រួចចំនួន ២៤២២៣២ដុល្លាររួចហើយ និងស្នើសុំឲ្យថ្នាក់ដឹកនាំ ក្រុមហ៊ុននេះ ធ្វើការវាយតម្លៃស្តង់ដាការងារ របស់ក្រុមហ៊ុនឡើងវិញ ដើម្បីកុំឲ្យប្រជាជន ដែលជាអ្នកស្រលាញ់ និងពេញចិត្តរស់នៅខុនដូ ហើយសម្រេចចិត្តទិញខុនដូនេះ រងគ្រោះតទៅទៀត។
តាមការពិត អ្នកឧកញ៉ា ចេន ហ្សី បាននិងកំពុងរួមចំណែកយ៉ាងច្រើន ជាមួយរាជរដ្ឋាភិបាលលកម្ពុជា ដើម្បីជម្រុញការរីកចម្រើនសេដ្ឋកិច្ចសង្គម របស់ប្រទេសនេះ៕