តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi និងសមភាគីតួកគី លោក Hakan Fidan បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀតដោយរដ្ឋមូស្លីម ដើម្បីបញ្ឈប់ការវាយប្រហារជាថ្មីរបស់ អ៊ីស្រាអែលប្រឆាំងនឹងតំបន់ហ្គាហ្សា និងលីបង់ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃចន្ទ ភាគីទាំងពីរបានពិភាក្សាអំពី ការវិវឌ្ឍន៍ចុងក្រោយបង្អស់ នៅក្នុងតំបន់អាស៊ីខាងលិច ជាពិសេសស្ថានភាពនៅប៉ាឡេស្ទីន ការចាប់ផ្តើមឡើងវិញនៃការវាយប្រហាររបស់ អ៊ីស្រាអែលលើតំបន់ហ្គាហ្សា និងលីបង់ ការវាយប្រហារតាមអាកាសរបស់ សហរដ្ឋអាមេរិកលើយេម៉ែន ក៏ដូចជាបញ្ហាអន្តរជាតិផ្សេងទៀត ដែលមានផលប្រយោជន៍រួម នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ង់។
លោក Araghchi បានថ្កោលទោស “ឧក្រិដ្ឋកម្ម និងការឈ្លានពានរបស់អ៊ីស្រាអែល ប្រឆាំងនឹងតំបន់ហ្គាហ្សា និងលីបង់” ក្នុងការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ ជាមួយក្រុមហាម៉ាស់ និងក្រុមហេសបូឡា ដោយអំពាវនាវឱ្យសហគមន៍អន្តរជាតិ ជាពិសេសបណ្តាប្រទេសមូស្លីម និងតំបន់ ចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ឈប់ “ឧក្រិដ្ឋកម្ម” របស់អ៊ីស្រាអែល។
លោក Araghchi ក៏បានបរិហារការវាយប្រហារតាមផ្លូវអាកាស របស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសយេម៉ែន ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលបន្ថែមទៀត ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់ ដើម្បីទប់ស្កាត់ “ការឈ្លានពានប្រឆាំងនឹងរដ្ឋមូស្លីម និងការកើនឡើងនៃអសន្តិសុខ និងអស្ថិរភាពនៅក្នុងតំបន់អាស៊ីខាងលិច”។
សម្រាប់ផ្នែករបស់លោកវិញ លោក Fidan បានគូសបញ្ជាក់អំពីសារៈសំខាន់នៃ ការយកចិត្តទុកដាក់កាន់តែខ្លាំងរបស់រដ្ឋមូស្លីម ចំពោះស្ថានភាពនៃប្រជាជនប៉ាឡេស្ទីន “ដែលត្រូវបានគេជិះជាន់” ។ នៅក្នុងនោះដែរលោកបានបង្ហាញពី ការត្រៀមខ្លួនរបស់ប្រទេសរបស់លោក ក្នុងការស្វែងរកដំណោះស្រាយការទូត ចំពោះបញ្ហាក្នុងតំបន់ និងអន្តរជាតិ៕
ប្រែសម្រួល ឈូក បូរ៉ា
