ព័ត៌មានជាតិ

លោក សយ សុភាព៖ ក្រុមហ៊ុនដេញថ្លៃធ្វើផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) គួររៀនទទួលការពិត

ភ្នំពេញ៖ លោក សយ សុភាព ក្នុងនាមជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) ជាញឹកញាប់ បានចេញមុខរិះគន់ក្រុមហ៊ុនដែលទទូលម៉ៅការសាងសង់ ថាគួររៀនទទួលការពិត។

ការចេញមុខរិះគន់នេះ បន្ទាប់ពីលោកបានមើលឃើញនូវទិដ្ឋភាពជាក់ស្ដែង ពីគុណភាពផ្លូវខូច (ផ្លូវសំបុកមាន់) ជាច្រើនកន្លែង ទាំងដែលផ្លូវមួយខ្សែនេះ ធ្វើមិនទាន់បានប៉ុន្មានផង។

ឆ្លើយតបទៅមតិមួយចំនួន លោក សយ សុភាព បានលើកឡើងថា «គួរពិនិត្យឡើងវិញ ក្រែងលោក្រសួងសាធារណៈការដាក់ក្នុងបញ្ជីខ្មៅ។ បើមហាជនរិះគន់ ឆាប់យកគំនិតរបស់គេទៅកែលំអរទៅ»។
លោក សយ សុភាព ថាលោកជាអ្នកទទួលខុសត្រូវ របស់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងជាអ្នកថតផ្ទាល់ ហើយបានឃើញទិដ្ឋភាពជាក់ស្តែង។

លោកថា ជួសជុលមិនទាន់អស់ទេ នៅសល់ផ្លូវសំបុកមាន់ទៀត នៅលើផ្លូវជិតដល់ក្បាលផ្លូវចេញ។ អរគុណដែលជួសជុល ផ្លូវសំបុកមាន់ ដែលខូចនោះ ហើយពេលត្រឡប់មកវិញ។
លោកគូសបញ្ជាក់ថា «នេះសំណាងហើយ ដែលមិនមានគ្រោះថ្នាក់ ចុះបើម៉ូតូឬមធ្យោយធ្វើដំណើរជួបគ្រោះថ្នាក់ ដោយសារផ្លូវសំបុកមាន់វិញ តើមានវិប្បដិសារីទេ ព្រោះកន្លែងផ្សេង មានរួចមកហើយ»។

សូមរំលឹកថា ផ្លូវជាតិលេខ៤៨ ប្រវែងសរុប ១៤៨.០៣ គ.ម (PK០០០+០០០ – PK១៤៨+០៣៨) ប្រភេទផ្លូវកម្រាលបេតុងកៅស៊ូ (AC) ចាប់ផ្តើមពីចំណុចប្រសព្វផ្លូវជាតិលេខ៤ ត្រង់គ.មលេខ១៤១ ៧៥០ (ចម្ការហ្លួង) រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង គម្រោងសាងសង់បានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ក្រោមហិរញ្ញប្បទានសម្បទាពីសាធារណរដ្ឋកូរ៉េ ក្នុងទំហំថវិកាជាង ៧៨លានដុល្លារអាមេរិក និងទទូលម៉ៅការសាងសង់ ដោយសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture។

បើយោងតាមរបាយការណ៍ របស់ក្រសួងសាធារណការ កាលពីខែមិថុនា បានឱ្យដឹងថា លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCIeng & KECC Joint Venture និងក្រុមហ៊ុនសាងសង់សម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture ចុះពិនិត្យគុណភាព និងបច្ចេកទេស លើការអនុវត្តគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដើម្បីធ្វើពិធីប្រគល់-ទទួល កាលពីថ្ងៃអង្គារ ទី១៧ ខែមិថុនា។ ក្រោយពីបានត្រួតពិនិត្យរួចរាល់លោក បានឯកភាពធ្វើការប្រគល់-ទទួល ផ្លូវជាតិលេខ៤៨ ជាផ្លូវការ។ ក្នុងនោះផងដែរ ក្រុមហ៊ុនសាងសង់មានកាតព្វកិច្ចត្រូវថែទាំផ្លូវនេះ រយៈពេលធានា២ឆ្នាំបន្ថែមទៀតបន្ទាប់ពីការប្រគល់-ទទួលនេះ៕

To Top