ព័ត៌មានជាតិ

សម្តេចធិបតី ប្រាប់ទៅថៃថា តំបន់កំពុងមានជម្លោះ គ្មានភាគីណា មានសិទ្ធិធ្វើសកម្មភាព ឬដាក់ចេញវិធានការ ជាឯកតោភាគី

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ញើសារមួយចំនួនរំលឹក ទៅភាគីថៃ អំពីតំបន់កំពុងមានជម្លោះ ដែលមិនទាន់បញ្ចប់ការដោះស្រាយ គឺគ្មានភាគីណាមួយមានសិទ្ធិធ្វើសកម្មភាព ឬដាក់ចេញវិធានការ ជាឯកតោភាគីនោះទេ ។

សម្តេចធិបតី បានមានប្រសាសន៍ ឆ្លើយតបទៅភាគីថៃនាថ្ងៃ២២ កក្កដា នេះ បន្ទាប់ពីបានឃើញថា ក្នុងមួយរយៈនេះ ថ្នាក់ដឹកនាំនយោបាយ កងទ័ព និង បណ្ដាញ សារព័ត៌មានថៃ បានធ្វើការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន មកលើកម្ពុជា ពាក់ព័ន្ធនឹងបញ្ហាមួយចំនួន ដូចជាការដាក់មីន ព្រមទាំងបានធ្វើការគម្រាម ដាក់ចេញនូវវិធានការ ជាឯកតោភាគីនៅក្នុងតំបន់ ដែលមានវិវាទ រួមមាន ៖ តំបន់មុំបី និងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ។

សម្តេចធិបតីបន្តថា ចំពោះការចោទប្រកាន់របស់ភាគីថៃ មកលើកម្ពុជានេះ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងការពារជាតិ និងក្រសួង-ស្ថាប័ន ជំនាញពាក់ព័ន្ធ របស់កម្ពុជា បានធ្វើការឆ្លើយតបយ៉ាង សកម្មទៅលើការ ចោទប្រកាន់ទាំងនោះ ដើម្បីការពារភាពត្រឹមត្រូវរបស់កម្ពុជា ជាបន្តបន្ទាប់រួចហើយ ក៏ដូចជាការត្រៀមដាក់ចេញនូវវិធានការ ចាំបាច់បន្ថែមទៀត ក្នុងគោលដៅការពារ ឧត្តមប្រយោជន៍ជាតិខ្មែរ ។

ប៉ុន្តែចំពោះការចោទប្រកាន់គ្មានមូលដ្ឋាន សម្តេចនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា សម្តេចគ្រាន់តែចង់ផ្ញើសារខ្លីប៉ុន្មាន ចំណុចតែប៉ុណ្ណោះ ដើម្បីរំលឹកទៅភាគីថៃថា តំបន់ឬទីកន្លែងដែលមានវិវាទ ឬមិនទាន់ដាច់ស្រេចថា ស្ថិតក្នុងដែនអធិបតេយ្យ របស់ប្រទេសណាមួយ គឺគ្មានភាគីណាមានសិទ្ធិ ធ្វើសកម្មភាព ឬដាក់ចេញនូវវិធានការ ជាឯកតោភាគីនៅក្នុងតំបន់ ឬទីកន្លែងនោះទេ ។ រាល់វិធានការនានាដែលអាចអនុវត្ត ត្រូវមានការឯកភាពគ្នា រវាងភាគីទាំងពីរជាមុនសិន។

សម្តេចធិបតីគូសបញ្ជាក់ថា ចំពោះបន្ទាត់ក្រហម នៅតែជាបន្ទាត់ក្រហម មិនមានការប្រែប្រួលទេ ។ ដូច្នេះសូមកុំព្យាយាមមកបំពាន ។ ក្នុងនោះសម្តេចធិបតីសង្កត់ធ្ងន់ថា កម្ពុជាមិនរំលោភបំពាន លើអ្នកណាទេ ប៉ុន្តែកម្ពុជាក៏មិន ឲ្យអ្នកណាមួយរំលោភបំពាន លើខ្លួននោះដែរ ។ កម្ពុជាមានសមត្ថភាព គ្រប់គ្រាន់ និងបានត្រៀមខ្លួនជាស្រេច ក្នុងការការពារខ្លួន និងការពារបូរណភាពទឹកដី តាមគ្រប់មធ្យោបាយទាំងអស់ ប្រឆាំងនឹងការរំលោភបំពាន។

សម្តេចធិបតីបន្ថែមថា ចំពោះវិធីសាស្រ្តបៀមឈាម ព្រួសដាក់អ្នកដទៃរបស់ថៃ មិនមែនជាវិធីសាស្រ្តសុចរិត និងថ្លៃថ្នូរទេ។ វិធីសាស្ត្របែបនេះ មិនត្រូវប្រើទេ បើពិតជាចង់កសាង នូវទំនុកចិត្តរវាងគ្នានិងគ្នា ព្រោះកម្ពុជា នៅតែរក្សាជំហរ ក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះ ដោយមធ្យោបាយ អហិង្សាឲ្យបានឆាប់រហ័ស ប្រកបដោយភាពច្បាស់ លាស់និងចីរភាព ៕

To Top