ពាណិជ្ជកម្ម របស់វៀតណាមមានទំហំលើសពី ១ ពាន់ពាន់លានដុល្លារ ក្នុងរយៈពេល ១០ ខែ ឆ្នាំ២០២៦នេះ
បរទេស៖ ទីភ្នាក់ងារពាណិជ្ជកម្មបរទេសនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម របស់វៀតណាម បានឱ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ទំហំពាណិជ្ជកម្មទំនិញសរុបរបស់វៀតណាមក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២៦ ត្រូវបានប៉ាន់ប្រមាណថា មានចំនួន ១,០១ ពាន់ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ៣២,៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះគឺជាលើកដំបូងហើយ ដែលទំហំពាណិជ្ជកម្ម បានកើនឡើងលើសកម្រិត ១ ពាន់ពាន់លានដុល្លារដុល្លារ។
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ថា សម្រាប់តែខែតុលាមួយខែប៉ុណ្ណោះ ទំហំពាណិជ្ជកម្មត្រូវបានប៉ាន់ប្រមាណថា មានចំនួន ១២២,២ ពាន់លានដុល្លារ ដែលកើនឡើង ៤៧,៦ ភាគរយ បើធៀបនឹងខែតុលាឆ្នាំមុន។
ការនាំចេញនៅតែបន្តមានកំណើនយ៉ាងខ្លាំង ដោយសម្រេចបានប្រមាណ ៤៩៩ ពាន់លានដុល្លារក្នុងរយៈពេលពីខែមករា ដល់ខែតុលា ដែលកើនឡើង ២៧,៤ ភាគរយ។ លទ្ធផលនេះបង្ហាញថា វៀតណាមកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការសម្រេចបាន ឬលើសពីគោលដៅកំណើននៃការនាំចេញប្រចាំឆ្នាំ ២០២៦ ដែលបានកំណត់ទុកក្នុងអត្រា ១៥-១៦ ភាគរយ។
យោងតាមទីភ្នាក់ងារនេះ កំណើននៃការនាំចេញត្រូវបានកត់ត្រាទាំងនៅក្នុងវិស័យក្នុងស្រុក និងវិស័យដែលមានការវិនិយោគពីបរទេស។ ទំនិញកែច្នៃ និងផលិតផលឧស្សាហកម្ម នៅតែជាផ្នែកស្នូល ដោយគ្របដណ្តប់ ៨៧,៤ ភាគរយនៃការនាំចេញសរុប។ ការនាំចេញទៅកាន់ទីផ្សារសំខាន់ៗ រួមមាន ចិន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប សាធារណរដ្ឋកូរ៉េ និងអាស៊ាន ក៏មានកំណើនយ៉ាងខ្លាំងផងដែរ។
នៅក្នុងខែតុលា វៀតណាមបានកត់ត្រាអតិរេកពាណិជ្ជកម្ម (ការនាំចេញលើសការនាំចូល) ប្រមាណ ៦,៨ ពាន់លានដុល្លារ ដែលនេះជាខែទី ២ ជាប់ៗគ្នាដែលមានអតិរេកពាណិជ្ជកម្ម។ ស្ថានភាពនេះបានជួយកាត់បន្ថយឱនភាពពាណិជ្ជកម្មសរុប (ការនាំចូលលើសការនាំចេញ) សម្រាប់រយៈពេល ១០ ខែដំបូង ឱ្យនៅសល់ប្រហែល ១២,៧ ពាន់លានដុល្លារ។
ប្រែសម្រួលៈ តុលា
