ព័ត៌មានជាតិ

ស្នងការខេត្តព្រះសីហនុ បង្ក្រាប ករណីចាប់បង្ខាំងមនុស្សជំរិតទារប្រាក់ បង្ខំឱ្យធ្វើការ និងការដឹកជញ្ជូនមនុស្ស

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៩និង០៧នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានជួយសង្គ្រោះបុរសជនជាតិចិន ២នាក់ ដែលលោតចេញពីរថយន្តម៉ាក GAC GN8 ពណ៌ខ្មៅ នៅចំណុចបង់ប្រាក់ផ្លូវល្បឿនលឿន សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។

ជនរងគ្រោះម្នាក់រងរបួសធ្ងន់បានបញ្ជូនទៅមន្ទីពេទ្យ និងម្នាក់ទៀតឈ្មោះ WUNG BO ត្រូវបានយកមកអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសាកសួរព័ត៌មាន ។

ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម ព្រះរាជអាជ្ញា តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាមួយសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានធ្វើការស្រាវជ្រាវបង្ក្រាប និងរំដោះជនរងគ្រោះចំនួន ៤នាក់ ស្រី១នាក់ (ជនជាតិចិន) និងបានឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ស្រី១នាក់ (ជនជាតិចិន) ព្រមទាំងដកហូតបានវត្ថុតាងជាច្រើន ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងស្រាវជ្រាវ និងបន្តនីតិវិធីតាមផ្លូវច្បាប់ ៕

To Top