ព័ត៌មានអន្តរជាតិ

ដាណឺម៉ាកចោទនាវាចម្បាំងរបស់រុស្ស៊ីថា បានបង្កហេតុដោយបើកប្រព័ន្ធរ៉ាដា និងតម្រង់អាវុធមកលើកងកម្លាំងរបស់ខ្លួន

បរទេស៖ ប្រទេសដាណឺម៉ាកបានចោទនាវាចម្បាំងរបស់រុស្ស៊ីថា បានបង្កហេតុលើកងកម្លាំងរបស់ខ្លួនម្តងហើយម្តងទៀតដោយបើករ៉ាដា តម្រង់អាវុធ និងចូលទៅជិត ដែលបង្កើតហានិភ័យនៃការប៉ះទង្គិច។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Thomas Ahrenkiel នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិដាណឺម៉ាកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៣ ខែតុលាថា “យើងបានកត់ត្រាឧប្បត្តិហេតុជាច្រើននៅក្នុងច្រកសមុទ្រដាណឺម៉ាកដែលនាវាចម្បាំងរុស្ស៊ីបានបើករ៉ាដារបស់ពួកគេដើម្បីតាមដាននាវាកងទ័ពជើងទឹករបស់យើង និងឧទ្ធម្ភាគចក្រទ័ពអាកាស ក៏ដូចជាការតម្រង់អាវុធដោយផ្ទាល់” ។

មន្ត្រី​ដាណឺម៉ាក​មិន​បាន​បញ្ចេញ​ឈ្មោះ​នាវា​ចម្បាំង​រុស្ស៊ី​នោះ​ទេ ហើយ​ក៏​មិន​បាន​បញ្ជាក់​ថា​តើ​នាវាចម្បាំងបាន​ប្រើ​រ៉ាដា​ស៊ើបការណ៍ ឬ​រ៉ាដា​គ្រប់គ្រង​ការ​បាញ់​ប្រហារ​ដែរ​ឬ​អត់​ក្នុង​អំឡុង​ពេល​ជួប​ប្រទះគ្នា។

រ៉ាដាមានសមត្ថភាពតាមដានប្រសើរជាងរ៉ាដារុករកធម្មតា ជួយឱ្យនាវាចម្បាំងយល់ពីស្ថានភាពជុំវិញ និងរកឃើញការគំរាមកំហែងពីចម្ងាយ។ ការប្រើប្រាស់ប្រព័ន្ធនេះមិនមានន័យថា នាវាចម្បាំងស្ថិតក្នុងស្ថានភាពត្រៀមបាញ់នោះទេ។

ប៉ុន្តែទន្ទឹមនឹងនេះ រ៉ាដាគ្រប់គ្រងការបាញ់ប្រហារត្រូវបានប្រើប្រាស់ដើម្បីកំណត់ទីតាំងសត្រូវយ៉ាងជាក់លាក់ ដោយផ្តល់នូវប៉ារ៉ាម៉ែត្រណែនាំសម្រាប់កាំជ្រួច និងគ្រាប់បែកដឹកនាំ។ ការបើករ៉ាដាគ្រប់គ្រងការបាញ់ និងការបើកសោរទៅកាន់គោលដៅជាធម្មតាកើតឡើងតែនៅពេលដែលភាគីម្ខាងត្រៀមខ្លួនជាស្រេចក្នុងការបាញ់ប្រយុទ្ធ ហើយត្រូវបានចាត់ទុកថា ជាការញុះញង់យ៉ាងធ្ងន់ធ្ងរនៅក្នុងសន្តិភាព៕

ប្រែសម្រួលៈ ណៃ តុលា

To Top