ព័ត៌មានជាតិ

លោកបណ្ឌិត កៅ ថាច ដឹកនាំសហការី អញ្ជើញទស្សនកិច្ច ពិនិត្យមើលកសិដ្ឋាន មូមូ ហ្វាម (Moo Moo Farms) ចិញ្ចឹមគោយកទឹកដោះបែបធម្មជាតិ ស្ថិតនៅសង្កាត់ បារ៉ុង ក្រុងអរិយក្សត្រ

ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី កាលពីថ្ងៃសៅរ៍ ទី៤ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជេីញទស្សនកិច្ចនៅកសិដ្ឋាន មូមូ ហ្វាម (Moo Moo Farms) ដែលចិញ្ចឹមគោយកទឹកដោះបែបធម្មជាតិ ស្ថិតនៅភូមិខ្នោការ សង្កាត់បារុង ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

នៅក្នុងឱកាសអញ្ជើញទស្សនកិច្ចនោះ លោកបណ្ឌិត កៅ ថាច ក៏បានមានប្រសាសន៍លើកទឹកចិត្តដល់ម្ចាស់កសិដ្ឋាន មូមូ ហ្វាម (Moo Moo Farms) ដែលជាអ្នកវិនិយោគក្នុងស្រុកត្រូវតែគិតគួរ ពង្រឹងការផលិតទឹកដោះគោឲ្យបានច្រើន ដោយរៀបចំគ្រួសារកសិករអ្នកចិញ្ចឹមឲ្យបានច្បាស់លាស់ ថែទាំឲ្យបានល្អ ដើម្បីឆ្លើយតបនិងការផ្គត់ផ្គង់លើទីផ្សារដែលកំពុងតែមានតម្រូវការខ្ពស់។

លើសពីនេះ ដើម្បីជួយដល់កសិករនៅតំបន់អរិយក្សត្រ ក្នុងស្រុកល្វាឯមនេះ មានប្រាក់ចំណូល ម្ចាស់កសិដ្ឋានខាងលើគួរតែចងក្រងកសិករនិងតភ្ជាប់ការផលិត ឬប្រើប្រាស់វត្ថុធាតុដើម ក្នុងស្រុក ដូចជា ដំណាំពោតនិងកសិផលផ្សេងៗទៀត ដែលកសិករបានដាំដុះ គួរប្រមូលទិញពីពួកគាត់យកមកប្រើប្រាស់ឲ្យអស់លទ្ទភាពតែម្តង។

បច្ចុប្បន្នកសិដ្ឋាន មូមូ ហ្វាម (Moo Moo Farms)បានបំពាក់ដោយបច្ចេកវិទ្យាទំនើប សម្រាប់កែច្នៃទឹកដោះគោ។ សព្វថ្ងៃនេះ កសិដ្ឋានមានគោផលិតទឹកដោះប្រមាណ ២០០ក្បាល ដោយ ក្នុងមួយថ្ងៃ គោអាចផលិតទឹកដោះបានចំនួន ២០០០លីត្រផងដែរ។

To Top