រដ្ឋមន្ដ្រីក្រសួងរ៉ែ ៖ ការដ្ឋានរ៉ែមាស នៅខេត្តមណ្ឌលគិរី បានផ្តល់ចំណូលថវិកាជាតិរាប់រយលានដុល្លារ

ភ្នំពេញ ៖ លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ការដ្ឋានរ៉ែមាសខ្នាតអន្តរជាតិនៅអូរខ្វាវ ខេត្តមណ្ឌលគិរី បានផ្តល់ចំណូលថវិកាជាតិរាប់រយលានដុល្លាររួចហើយ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥នេះ រដ្ឋមន្ដ្រី កែវ រតនៈ បានគូសបញ្ជាក់ថា «ស្នាមញញឹមនៃក្តីសង្ឃឹមនិងការពេញចិត្តរបស់វិស្វករនិងបងប្អូនកម្មករ កម្មការិនីខ្មែរនៅការដ្ឋានរ៉ែមាសខ្នាតអន្តរជាតិនៅអូរខ្វាវខេត្តមណ្ឌលគិរី។ គម្រោងនេះកំពុងផ្តល់ការងារ៦៥០កន្លែង ដែលក្នុងនេះ៩០%ជាខ្មែរយើង ហើយបានផ្តល់ចំណូលថវិកាជាតិរាប់រយលានដុល្លាររួចហើយ»។

សូមរំលឹកថា ក្រសួងរ៉ែ និងថាមពល រួមជាមួយអាជ្ញាធរខេត្តមណ្ឌលគិរី និងក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី៕
