លោក ពូទីន សរសើរលោក ត្រាំ ប៉ុន្តែព្រមានថា ការផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់អាមេរិក ដល់អ៊ុយក្រែន នឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងទ្វេរភាគី

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានសហរដ្ឋអាមេរិកថា ការផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយ ដល់អ៊ុយក្រែន នឹងធ្វើឱ្យខូចទំនាក់ទំនងយ៉ាងធ្ងន់ធ្ងរ រវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន ហេីយនឹងមិនផ្លាស់ប្តូរស្ថានភាពនៅលើសមរភូមិនោះទេ។
លោក ពូទីន បានឧ្យដឹងនៅក្នុងវេទិកានៃអ្នកជំនាញគោលនយោបាយការបរទេសអន្តរជាតិនៅរមណីយដ្ឋាន Sochi នៃសមុទ្រខ្មៅរបស់រុស្ស៊ីថា ការផ្គត់ផ្គង់សក្តានុពលនៃមីស៊ីល Tomahawk របស់អាមេរិកទៅកាន់ទីក្រុងគៀវ នឹងជាសញ្ញានៃ “ដំណាក់កាលថ្មីប្រកបដោយគុណភាព រួមទាំងទំនាក់ទំនងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក”។
មេដឹកនាំរុស្ស៊ីរូបនេះ បានកត់សម្គាល់ថា ទោះបីជាមីស៊ីល Tomahawk នឹងធ្វើឱ្យខូចខាតដល់រុស្ស៊ី ប្រសិនបើផ្គត់ផ្គង់ដល់អ៊ុយក្រែនក៏ដោយ ការការពារដែនអាកាសរុស្ស៊ី នឹងសម្របខ្លួនបានយ៉ាងឆាប់រហ័សទៅនឹងការគំរាមកំហែងថ្មី។
លោកបានបន្ថែមថា “វាពិតជានឹងមិនផ្លាស់ប្តូរតុល្យភាពនៃកម្លាំងនៅលើសមរភូមិនោះទេ” ដោយសង្កត់ធ្ងន់ថា យោធារុស្ស៊ី កំពុងបន្តរកយុទ្ធសាស្រ្តប្រឆាំងនឹងអ៊ុយក្រែន។
នៅពេលសួរអំពីលោក ត្រាំ ច្រានចោលប្រទេសរុស្ស៊ីថាជា “ខ្លាក្រដាស” ដោយសារតែបរាជ័យក្នុងការកម្ចាត់ប្រទេសជិតខាងតូចរបស់ខ្លួនបន្ទាប់ពីការប្រយុទ្ធគ្នាជាង ៣ឆ្នាំកន្លះ លោក ពូទីន បានប្រកែកថា រុស្ស៊ីបានប្រឈមមុខនឹងសម្ព័ន្ធមិត្តណាតូទាំងអស់ដែលគាំទ្រទីក្រុងគៀវ ។
លោកបានគូសបញ្ជាក់ថា “យើងកំពុងប្រយុទ្ធប្រឆាំងនឹងប្លុកទាំងមូលនៃ NATO ហើយយើងបន្តដំណើរទៅមុខ បន្តទៅមុខ និងមានអារម្មណ៍ជឿជាក់ ហើយយើងជាខ្លាក្រដាស តើ NATO ខ្លួនឯងជាអ្វី?” “ខ្លាក្រដាសមែនទេ? ចឹងទៅដោះស្រាយជាមួយខ្លាក្រដាសនេះទៅ”៕
ប្រែសម្រួល ឈូក បូរ៉ា
