ព័ត៌មានជាតិ

ក្រសួងការងារនាំយកព័ត៌មានឱកាសការងារ និងការចុះឈ្មោះស្វែងរកការងារតាមរយៈលេខ ១២៩៧ ជូនដល់មុខផ្ទះប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង

ភ្នំពេញ៖ លោកស្រី​ អ៊ូច ជាច័ន្ទមល្លិកា ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងជាអនុប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធី ប្រគល់កង់ផ្សព្វផ្សាយការងារចំនួន ១០៣កង់ ជូនយុវជនស្ម័គ្រចិត្តឃុំ-សង្កាត់ ជាភ្នាក់ងារព័ត៌មានទីផ្សារការងារ នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង នៅបរិវេណសាលាស្រុកបវេល នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥នេះ ដើម្បីផ្សព្វផ្សាយព័ត៌មានឱកាសការងារ និងការចុះឈ្មោះស្វែងរកការងារតាមរយៈលេខ ១២៩៧ តាមខ្នងផ្ទះប្រជាពលរដ្ឋ។

ពិធីនេះ មានការអញ្ជើញចូលរួមពីលោក ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង, លោក វឿង ប៊ុនរ៉េត តំណាងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង, លោក លួត សាលី អភិបាលស្រុកបវេល, មន្ត្រីក្រសួងការងារ, មន្ត្រីមន្ទីរការងារ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។

កង់ផ្សព្វផ្សាយការងារចំនួន ១០៣កង់ ដែលបានផ្តល់ជូនយុវជនស្ម័គ្រចិត្តឃុំ-សង្កាត់ ជាភ្នាក់ងារព័ត៌មានទីផ្សារការងារ នៃសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង នាឱកាសនេះគឺដើម្បីយកទៅផ្សព្វផ្សាយព័ត៌មានការងារជាប្រចាំតាមខ្នងផ្ទះ ពីភូមិមួយទៅភូមិមួយ ដើម្បីឱ្យពលករត្រឡប់មកពីប្រទេសថៃ និងយុវជនកំពុងស្វែងរកការងារ បានដឹង និងអាចចុះឈ្មោះរកការងារបានធ្វើឆាប់ៗ។

ទន្ទឹមនោះ នៅក្នុងបរវេណសាលាស្រុកបវេលដដែលនេះក៏មាន ”ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ” ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសាខាបេឡាជាតិសន្តិសុខសង្គមខេត្តបាត់ដំបង រដ្ឋបាលខេត្តបាត់ដំបង មន្ទីរការងារ ក្រុមការងារ ស.ស.យ.ក. វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីផ្តល់ឱកាសការងារជូនពលករខ្មែរត្រឡប់មកពីប្រទេសថៃ និងយុវជនកំពុងស្វែងរកការងារធ្វើនៅខេត្តបាត់ដំបងឱ្យទទួលបានការងារភ្លាមៗពីក្រុមហ៊ុនធំៗចំនួន ១៥ ដែលមានតម្រូវការកម្លាំងពលកម្មជាង ៧ពាន់កន្លែង។

លោក ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង បានថ្លែងអំណរគុណដល់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានរៀបចំឱ្យមាន ”ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ” ដែលបាននាំយកឱកាសការងារយ៉ាងច្រើនជូនដល់អ្នកកំពុងស្វែងរកការងារធ្វើ ជាពិសេស ពលករត្រឡប់មកពីប្រទេសថៃ ខណៈក្រសួងក៏បានរៀបចំឱ្យមានគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលធ្វើឱ្យប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង បានចុះឈ្មោះចូលរៀនរាប់ម៉ឺននាក់ផងដែរ។

បន្ទាប់ពីបញ្ចប់ពិធីប្រគល់កង់, លោកស្រី​ អ៊ូច ជាច័ន្ទមល្លិកា ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបសំណេះសំណាលជាមួយបងប្អូនពលករដែលត្រឡប់មកពីប្រទេសថៃ និងយុវជនដែលកំពុងស្វែងរកការងារធ្វើ ព្រមទាំងបានផ្សព្វផ្សាយអំពីឱកាសការងារ អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស TVET ១,៥លាននាក់ផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ទូទាំងរាជធានីខេត្តប្រមាណជាង ២ពាន់នាក់ បានទទួលការបណ្តុះបណ្តាលឱ្យក្លាយជា ភ្នាក់ងារព័ត៌មានទីផ្សារការងារនៃវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្សព្វផ្សាយកម្មវិធីស្វែងរកការងារតាមរយៈលេខ ១២៩៧ ដោយជិះកង់ផ្សព្វផ្សាយនៅតាមមូលដ្ឋានភូមិ ឃុំតាមបណ្តារាជធានី ខេត្ត៕

To Top