ព័ត៌មានជាតិ

នាយករដ្ឋមន្ដ្រីកម្ពុជា ស្វាគមន៍ជើងហោះហើរត្រង់លើកដំបូងពីអារ៉ាប់រួម ដោយចុះចតនៅអាកាសយានដ្ឋានអន្តរជាតិតេជោ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រកាសស្វាគមន៍ចំពោះជើងហោះហើរត្រង់លើកដំបូងជាប្រវត្តិសាស្ត្រ របស់ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways លំដាប់ពិភពលោក មកពីទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម ដោយបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិតេជោ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះជើងហោះហើរត្រង់លើកដំបូងជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways លំដាប់ពិភពលោក មកពីទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម ដោយបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ ជាមួយនឹងអ្នកដំណើរសរុបចំនួន ១៥៤នាក់ ដោយចំណាយពេលហោះហើរជាង ៧ម៉ោងមិនឈប់ (Direct Flight) ហើយជើងហោះហើរនេះមានចំនួន ៤ជើង ក្នុងមួយសប្តាហ៍»។

បើរដ្ឋមន្រ្តីទេសចរណ៍ វត្តមានរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមួយនេះ មិនគ្រាន់តែជាការតភ្ជាប់ផ្លូវអាកាសរវាងរាជធានីភ្នំពេញ និងរាជធានីអាប៊ូយដាប៊ី «Abu Dhabi» ប៉ុណ្ណោះទេ តែជាការស្ពានមិត្តភាពសហប្រតិបត្តិការដ៏រឹងមំា និងការចែករំលែកវិបុលភាពរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសអេមីរ៉ាតអារ៉ាប់រួម ព្រមទាំងការនាំប្រទេសកម្ពុជា សក្តានុពលទេសចរណ៍ និងវិនិយោគកម្ពុជាដល់ប្រជាជននៃប្រទេសអេមីរ៉ាតអារ៉ាប់រួម និយាយដោយឡែក និងដល់ប្រជាជននៅតំបន់មជ្ឈិមបូព៌ានិយាយជារួម។

សូមជម្រាបជូនថា Etihad Airways គឺជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមួយ របស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម (United Arab Emirates) ដែលមានមូលដ្ឋាននៅរាជធានី Abu Dhabi។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៣ និងក្លាយជាផ្នែកសំខាន់ក្នុងការផ្លាស់ប្តូររាជធានី Abu Dhabi ឱ្យក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍អន្តរជាតិ។ ក្រុមហ៊ុនអាកាសចរណ៍កម្រិតពិភពលោកមួយនេះ មានជើងហោះហើរត្រង់រវាងរាជធានីអាប៊ូដាប៊ី (Abu Dhabi)-រាជធានីភ្នំពេញ ចំនួន៤ជើងក្នុងមួយសប្តាហ៍ ពោល គឺរៀងរាល់ថ្ងៃចន្ទ អង្គារ ព្រហស្បតិ៍ និងសៅរ៍៕

To Top