ព័ត៌មានអន្តរជាតិ

លោក ត្រាំ កំណត់​កាល​បរិច្ឆេទ​ត្រឹមថ្ងៃ​អាទិត្យ​សម្រាប់​ក្រុមហាម៉ាស់ ដើម្បី​ទទួល​យក​ផែនការ​សន្តិភាព ២០ចំណុច​នៅ​តំបន់ហ្គាហ្សា

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា ក្រុមហាម៉ាស់ត្រូវតែទទួលយកផែនការសន្តិភាពចំនួន ២០ចំណុចលើតំបន់ហ្គាហ្សា ត្រឹមម៉ោង ៦ ល្ងាចថ្ងៃអាទិត្យ បើមិនដូច្នេះទេ “ឋាននរកទាំងអស់ ដូចជាគ្មាននរណាម្នាក់ធ្លាប់បានឃើញពីមុនមក នឹងផ្ទុះឡើងប្រឆាំងនឹងក្រុមហាម៉ាស់” ។

លោក ត្រាំ​ បានឧ្យដឹងនៅលើបណ្ដាញ​ Truth Social ថាក្រុមហាម៉ាស់​ នឹងត្រូវបានផ្តល់ “ឱកាសចុងក្រោយមួយ” ដោយបន្ថែមថា “ប្រជាជាតិនៃមជ្ឈិមបូព៌ា និងតំបន់ជុំវិញលើសពីនេះ រួមជាមួយនឹងសហរដ្ឋអាមេរិក បានយល់ព្រមដោយអ៊ីស្រាអែល​ បានចុះហត្ថលេខាលើសន្តិភាព បន្ទាប់ពី ៣០០០ឆ្នាំនៅមជ្ឈឹមបូព៌ា” ។

លោកក៏បានជំរុញឱ្យប្រជាជនប៉ាឡេស្ទីន​ ចាកចេញពីតំបន់ដែលមានគ្រោះថ្នាក់ជាបន្ទាន់ ហើយផ្លាស់ទីទៅកាន់តំបន់​ ដែលមានសុវត្ថិភាពជាងនៅតំបន់ហ្គាហ្សា “អ្នក​រាល់​គ្នា​នឹង​ត្រូវ​បាន​មើល​ថែ​យ៉ាង​ល្អ​ពី​អ្នក​  ដែល​រង់ចាំ​ជួយ”។

កាលពីថ្ងៃចន្ទ រដ្ឋបាលលោក​ ត្រាំ​ បានបង្ហាញសំណើរចំនួន ២០ចំណុច បន្ទាប់ពីលោក​ ត្រាំ បានជួបពិភាក្សាជាមួយលោក បេនចាមីន​ ណេតាន់យ៉ាហ៊ូ ដែលមកទស្សនកិច្ចនៅសេតវិមាន៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top